អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំខេត្ត​សៀមរាប បង្ហាញថា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី ក្រៅពី​ការ​ស្រូប​ទាញយក​កំណើន​ភ្ញៀវទេសចរ គឺ​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​

​មានប្រសាសន៍​ក្នុងឱកាស​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម លីវ ស៊ី​ជាង ( LIV ZHICHEANG ) អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប បាន​បញ្ជាក់ថា បន្ទាប់ពី​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ពពេល ស្រុក​សូទ្រនិគម ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយមក អាកាសយានដ្ឋាន​ថ្មី​ដែល​ទំនើប នឹង​ប្រាកដ​រូបរាង​ឡើង ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ មិន​ត្រឹមតែ​បាន​បន្ថែម​នូវ​សក្តានុពល​ឲ្យ​ខេត្តសៀមរាប ស្រូប​ទាញយក​កំណើន​ទេសចរណ៍​ប៉ុណ្ណោះ​នោះទេ តែ​បាន​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ពាំ​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី និង​ការប្រែប្រួល​ថ្មី​ជា​វិជ្ជមាន ទៅដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ ផងដែរ ។

​ឯកឧត្តម លីវ ស៊ី​ជាង មានប្រសាសន៍​ទៀតថា ៦១​ឆ្នាំ​បន្ទាប់ពី​ប្រទេស​ចិន​និង​កម្ពុជា បង្កើតបាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ដ៏​ល្អ​រៀងដរាបមក ប្រទេស​ទាំង​២ ចិន​-​កម្ពុជា បាន​ស្ថាបនា​ជា​ស្ថាពរ នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ហើយ​ថ្មីៗ​នេះ ប្រទេស​ទាំង​២ បាន​ចុះហត្ថលេខា​ជាមួយគ្នា​លើ​ផែនការ​សកម្មភាព​ជោគវាសនា​រួមគ្នា ខណៈដែល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំង​២ បាន​គាំទ្រ​គ្នា ជួយ​យកអាសារ​គ្នា​ជា​បងប្អូន​ល្អ ជា​ដៃគូ និង​ជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់ ៕​