អាជ្ញាធរ​ខេត្តសៀមរាប កំពុង​ចាត់វិធានការ​ចាប់​កូន​ក្រពើ ដែល​ប្រជាពលរដ្ឋ​យកមក​ព្រលែង​ក្នុង​ទ​ស្សិណ​អង្គរ​

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​មន្ត្រី​នៃ​អង្គភាព​ជំនាញ និង អាជ្ញាធរ​អប្សរា បាន​ចុះមក​ដល់ទី​តាំង​ដែល​ប្រជាពលរដ្ឋ​យក​កូន​សត្វ​ក្រពើ​មក​ព្រលែង​នៅក្នុង​ទ​ស្សិណ​អង្គរ ដើម្បី​ពិភាក្សា និង រិះរក​វិធាន​ការចាប់​កូន​ក្រពើ​នេះ​វិញ ។

​លោក សុខ ថុល បាន​មានប្រសាសន៍ថា បន្ទាប់ពី​បានឃើញ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​យក​កូន​ក្រពើ​មក​ព្រលែង​ក្នុង​ទ​ស្សិណ​អង្គរ​នេះ​មក អាជ្ញាធរខេត្ត ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ភ្លាមៗ ដើម្បី​ចាប់​កូន​ក្រពើ​នេះ​យកមក​វិញ​ឲ្យ​ខាងតែបាន កុំ​ឲ្យ​វា​វិ​វត្ត​ធំ​ទាន់ពេល ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប អាជ្ញាធរ​ក្រុង​សៀមរាប និង អាជ្ញាធរ​ជាតិ​អប្សរា ដែល​ខណៈ​ពេលនេះ យើង​កំពុងតែ​ពិភាក្សាគ្នា និង រិះរក​វិធានការ ដើម្បី​ចាប់​កូន​ក្រពើ​នេះ​វិញ ។

​លោក សុខ ថុល មានប្រសាសន៍​បន្ថែមថា ទោះបី​បុគ្គល​ណាក៏ដោយ ហើយ​មាន​ជំនឿ​សាសនា​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យក​សត្វ​ក្រពើ មក​ព្រលែង​ក្នុង​ទ​ស្សិណ​អង្គរ​ដែលជា​តំបន់​សាធារណៈ​បានឡើយ ពីព្រោះ​សត្វ​ក្រពើ ជា​សត្វ​សាហាវ​មួយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ក្នុងពេលដែល​ប្រជាពលរដ្ឋ​មកលេង និង ចុះ​ទឹក​លេង​ក្នុង​ទ​ស្សិណ​អង្គរ​នេះ ជាពិសេស​វា​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ ហើយ​នេះ​ជា​អំពើ​ខុសច្បាប់​មួយ ដូច្នេះ​តាមរយៈ​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់ មិន​ត្រូវយក​សត្វ​ក្រពើ​មក​ព្រលែង​ក្នុង​ទ​ស្សិណ​អង្គរ​តទៅទៀត​ឡើយ ។

​លោក សំ ផាន់​ណា មន្ត្រីជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តសៀមរាប មានប្រសាសន៍ថា តាម​ការពិនិត្យ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កូន​ក្រពើ ដែល​ប្រជាពលរដ្ឋ​យកមក​ព្រលែង​ក្នុង​ទ​ស្សិណ​អង្គរ​នេះ មាន​ប្រវែង​ប្រមាណ​ជា​០៤​តឹក ហើយ​យើង​នឹង​ចាត់វិធានការ​ចាប់​ពីយ​ប់​នេះ​តែម្ដង រហូតដល់​ចាប់បាន ព្រោះថា នៅពេល​ថ្ងៃ​កូន​ក្រពើ​វា​ខ្លាច​មនុស្ស ហើយ​មិន​បង្ហាញខ្លួន​ឲ្យ​យើង​ឃើញ​នោះទេ ។

​លោក សំ ផាន់​ណា មានប្រសាសន៍​បន្ថែមថា វិធាន​ការដែល​យើង​នឹងត្រូវ​ចាប់​កូន​ក្រពើ​នេះ មាន​ចំនួន​៣​គឺ ៖ ទី​១ . យើង​ប្រើ​ភ្លើង​កែវឆ្លុះ ឬក៏​ពិល ឆ្លុះបញ្ចាំង​ទៅលើ​ផ្ទៃ​ទឹក ហើយ​នៅពេល​ភ្លើង​ឆ្លុះ​ប៉ះចំ​នឹង​ភ្នែក​ក្រពើ ពន្លឺ​ចេញពី​ភ្នែក​ក្រពើ បញ្ចាំង​ត្រឡប់មក ធ្វើ​ឲ្យ​យើង​មើលឃើញ , ទី​២. គឺ​យើង​ប្រើ​មង​រាយ ក្នុងខណៈពេល​កូន​ក្រពើ​ហែល​មក​ប៉ះ​នឹង​មង គឺ​ត្រូវ​ជាប់​មង និង ទី​៣. យើង​ប្រើ​សន្ទូច​រាយ​នុយ ដូចជា​រាយ​ដាក់​យក​ត្រី ពេលដែល​ក្រពើ​ឃើញ​នុយ វា​នឹង​ស៊ីនុយ​នោះ ហើយ​ជាប់​សន្ទូច​នោះ​តែម្ដង ។​

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ជាតិ​អប្សរា សូម​គាំទ្រ​ទាំងស្រុង​នូវ​ប្រតិបត្តិ​ការចាប់​ស​ត្វ​ក្រពើ​នេះ ព្រោះ​កិច្ចការងារ​នេះ គឺជា​ការងារ​រួមគ្នា​រវាង​អាជ្ញាធរខេត្ត អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរជំនាញ និង សាលាក្រុង​សៀមរាប នឹងធ្វើ​ប្រតិបត្តិការ​រួមគ្នា​ចាប់​សត្វ​ក្រពើ​នេះ ចាប់ពី​យប់​នេះ​តែម្ដង រហូតដល់​ចាប់​ក្រពើ​បាន ។

​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមថា ទោះបីជា​តំបន់​នេះ សម្បូរ​ទៅដោយ​ទឹក និង ចំណីអាហារ​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​អប្សរា​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​លេង​សត្វ​សាហាវ ដូចជា​សត្វ​ក្រពើ​ដូចនេះ​ទេ ព្រោះថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​របស់​ប្រជា​ភ្ញៀវ​ដែល​មក​ទស្សនា​នៅពេលនេះ ខណៈ​កន្លងមក យើង​មាន​ពិធី​ព្រលែង​កូន​ត្រី , ព្រលែង​សត្វ​អណ្ដើក និង​សត្វ​ផ្សេងទៀត​ក៏ពិតមែន តែ​ពុំបាន​បង្ក​ការគ្រោះថ្នាក់​ដល់​មនុស្ស​ឬ​សត្វ​ដទៃ​ទៀតឡើយ ប៉ុន្តែ​ចំពោះ​ការ​ព្រលែង​សត្វ​ក្រពើ​នៅក្នុង​តំបន់​នេះ គឺជា​សកម្មភាព​មួយ​ដែល​មិន​សមរម្យ​ទាល់តែសោះ ដូច្នេះ ក្នុងនាម​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ពុំគួរ​គប្បី​ព្រលែង​សត្វ​ក្រពើ​នៅក្នុង​តំបន់​នេះ បន្តទៀត​នោះទេ ៕​