ប្រធាន​ថ្មី នៃ​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សន្យា​ធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​មុន ចំពោះ​ផ្នែក​សេវាកម្ម​និង​បដិសណ្ឋារកិច្ច​ជាមួយ​ភ្ញៀវ​

លោក ម៉ឹ​ន សុគា​ន់ ប្រធាន​ថ្មី នៃ​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដែល​ទើប​ជាប់ឆ្នោត បាន​អះអាងថា នឹង​គោរព​តាម​លក្ខ​ន្តិៈ​របស់​សមាគម និង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់​ព័​ន្ឋ ដូចជា​សាលាខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត និង​ក្រុមហ៊ុន​ខេ​ម​ស៍​បន្ថែមទៀត ជាពិសេស​ពង្រឹង​ផ្នែក​សេវាកម្ម និង​បដិសណ្ឋារកិច្ច​ជាមួយ​ភ្ញៀវ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ដើម្បី​ស្វែងរក​ផលចំណេញ​ដល់​សមាគម ព្រមទាំង​បង្កើត​កម្មវិធី​សប្បុរសធម៌ សម្រាប់​ជនក្រីក្រ និង​គ្រោះមហន្តរាយ​ផ្សេងៗ ។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ភ្ញៀវ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានរៀបចំ​បោះឆ្នោត​ជ្រើសរើសរ​ចនាស​ម្ព័​ន្ឋ​ក្រុមប្រឹក្សាភិបាល​ដឹកនាំ​ការងារ​សម្រាប់​អាណត្តិ​ទី​១០ ខណៈ​លោក លោក ម៉ឹ​ន សុគា​ន់ ជា​អនុប្រធាន​សមាគម ត្រូវបាន​សមាជិក​បោះឆ្នោត​គាំទ្រ​ជា​ប្រធាន​សមាគម រីឯ​លោក អេង ភារ​ម្យ អតីត​ជា​ប្រធាន​សមាគម ត្រូវបាន​ជាប់​ជា​អនុប្រធាន​សមាគម ។​

​លោក អេង ភារ​ម្យ បានបង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ពេញចិត្ត​របស់​សមាជិកសមាគម ទោះបីជា​រូបលោក​ជាប់​មកជា​អនុប្រធាន​ក្តី តែ​លោក​នៅតែ​ជួយផ្តល់​និង​ចែករំលែក​បទពិសោធ​ល្អៗ​ដែល​ធ្លាប់បាន​ជួបប្រទះ​ក្នុងពេល​កន្លងមក​ជូន​ដល់​ប្រធាន​ថ្មី​ដើម្បីឱ្យ​ការងារ​ក្នុង​សមាគម​មាន​ដំណើរការ​ល្អ​ក្នុងការ​បំរើសេវា​ដឹកជញ្ជូន​ភ្ញៀវ និង​បន្ត​ចូលរួម​ជួយ​ជ្រោមជ្រែង​សមាគម​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ការសហការ​ស្អិតរ​មួ​ត មិន​ប្រែប្រួល​ឡើយ​។​

​លោក ង៉ូ​វ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ប្រការ​សំខាន់​គឺ​សុំ​ឲ្យ​ប្រធាន​សមាគម​ទើប​ជាប់ឆ្នោត​ថ្មី ត្រូវអនុវត្ត​នូវ​សកម្មភាព​ផ្សេងៗ​ឱ្យស្រប​ទៅតាម​លក្ខន្តិកៈ និង​គោលនយោបាយ​របស់​សមា​គម​ក្នុង​ការពង្រឹង​ការងារ​គ្រប់គ្រង និង​សហការ​ឱ្យបាន​ជិត​ស្និ​ទ្ឋ​ជាមួយ​ស្ថាប័ន​ផ្នែក​ឯកជន​ពាក់​ព័​ន្ឋ​ជាមួយ​វិស័យ​របស់​យើង និង​រៀបចំ​ឯកសារ កំណត់ហេតុ​នៃ​ដំណើរការ​បោះឆ្នោត និង​សរសេរ​លិខិត​ជា​ផ្លូវការ​ដាក់ជូនទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ទទួលបាន​នូវ​អនុសាសន៍​គន្លឹះ​ល្អៗ​ពី​រដ្ឋបាលខេត្ត ដើម្បីឱ្យ​ការងារ​របស់​សមាគម​ដំណើរ​ទៅដោយ​រលូន​។​

​សូមបញ្ជាក់ថា​៖​សមាគម​អ្នកបើកបរ​រថយន្ត​ដឹក​ទេសចរ​ប្រចាំ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​សៀមរាប បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៨ បច្ចុប្បន្ន​មាន​សមាជិក សមាជិកា ចំនួន​៣២៥​នាក់​ក្នុងនោះ​ស្រី​១២​នាក់ ចែកចេញជា​ពីរ​ផ្នែក​គឺ​ផ្នែក​រថយន្ត និង​ផ្នែក​ទោចក្រយានយន្ត ៕​