ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅ​សង្កាត់​ស្លក្រាម ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​ខេត្តសៀមរាប​

ក្រោយពី​គណៈកម្មការ​រដ្ឋបាល បានបញ្ចប់​នីតិវិធី​ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​រួចមក ហើយ​ក្បាលដី​ដែល​បាន​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី និង អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​សរុប​ទាំងអស់​ចំនួន ១.១៩៣ ក្បាលដី ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ត្រូវបាន​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ចែកជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។

​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា យោងតាម​លទ្ធផល​នៃ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​ចុង​កៅស៊ូ មាន​ចំនួន​១.២៩៦ ក្បាលដី ប៉ុន្តែ​ក្នុងនោះ​មាន​ក្បាលដី​ចំនួន​១.១៩៣ ប៉ុណ្ណោះ ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នៅពេលនេះ ហើយ​ចំណែក​នៅ​ក្បាលដី​ដែល​នៅ​សេសសល់​មិនទាន់​បានចេញ​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ជូន​នោះ ដោយសារ​គណៈកម្មការ​រដ្ឋបាល កំពុង​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន ហើយនឹង​ឈានទៅ​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នាពេល​ឆាប់ៗ​ខាងមុខ ហើយ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺជា​ការ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ទំនាស់​ដីធ្លី ។

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមក នៅក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ខេត្តសៀមរាប បាន​ជួបប្រទះ​នឹង​ឧ​ប​ស័គ្គ និង​ការ​ស្មុគស្មាញ​មួយចំនួន ប៉ុន្តែ​រដ្ឋបាលខេត្ត បាន​ខិតខំ​ស្វែងរក​បញ្ហា​ប្រឈម និង​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ល្អប្រសើរ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្បាលដី នៅ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ ដោយសារ​បញ្ហា​ជា​ដី​ទំនាស់ ជា​ដី​ជាប់​បុរាណ​ដ្ឋា​ន ជាប់មាត់​ប្រឡាយ ជាដើម ខណៈ​ខាង​អាជ្ញាធរ​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ទាំងនេះ ជូន​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ​ហើយ​ដែរ ។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​ទៀតថា ជា​បទពិសោធន៍ ដើម្បី​សម្រេចបាន​ដល់​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​និ​មួយៗ គឺមាន​ការងារ​ច្រើនណាស់ ដែល​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ឬ​និង អ្នកកាន់កាប់​ដី​ទាំងអស់ ទាំង​ដី​រដ្ឋ និង​ដីឯកជន ដូច្នេះ​តាមរយៈ​នេះដែរ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ទាំងអស់ ដែល​បាន​ចូលរួម​រុះរើ​របង​បើកផ្លូវ ធ្វើ​ឲ្យ​ការធ្វើដំណើរ និង​ការប្រកប​អាជីវកម្ម​របស់​បងប្អូន​ជួបប្រទះ​តែ​សុវត្ថិភាព និង​ចូលរួម​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង មាន​បណ្តាញ​ផ្លូវ​កាន់តែ​ធំ​ទូលាយ ព្រមទាំង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព និង​សោភ័ណភាព​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អត់​ឈប់ឈរ​។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បន្ថែមទៀត​ថា អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​លើ​ការងាររដ្ឋបាល​ដីធ្លី ដែលជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ឈានទៅរក​ភាពជោគជ័យ ក្នុងការ​ផ្តល់នូវ​កម្ម​សិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​ទាំងអស់ ឲ្យ​បានច្បាស់លាស់ ហើយ​ធ្វើការ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យ​ទាំងនោះ​ជា​ផ្លូវការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី សំដៅ​ពង្រឹង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ធានាបាន​នូវ​ទំនុកចិត្ត និង​ប្រសិទ្ធិភាព​នៃ​ទីផ្សារ​ដីធ្លី ព្រមទាំង​ការគ្រប់គ្រង​ដី​រដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ដ៏​ត្រឹមត្រូវ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ រួម​ជាមួយនឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ ប្រកបដោយ​ភាព​សក្តិ​សិទ្ធិ ប្រាកដនិយម និង​ភាព​ម៉ឹងម៉ាត់ ក្នុងនោះ​ការចុះបញ្ជី​ដីធ្លី​គោរព​បាន នូវ​គោលការណ៍​អភិបាលកិច្ច​ល្អ តម្លាភាព វិមជ្ឈការ និង​វិសហមជ្ឈការ និង​សមធម៌ ដើម្បី​បង្កើតបានជា​វប្បធម៌​នៃ​ការចុះបញ្ជី​ដីធ្លី និង​បង្កើន​ភាពជឿជាក់​លើ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី ៕​