ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​

នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្នុងនោះ​មាន ប្លង់​សុរិយោដី និង បញ្ជី​ឈ្មោះ​ម្ចាស់​ដី ចំនួន​១.៥៣៣ ក្បាលដី ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​មេត្តាករុណា ។​

​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ទាំង​ថ្ងៃបុណ្យ​និង​ថ្ងៃ​ឈប់សម្រាក តម្រូវ​ឲ្យ​ម្ចាស់​ដី ឬ​និង​អ្នកកាន់កាប់​ដី ព្រមទាំង​ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មក​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់​មើល​ទិន្នន័យ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធានាបាន​នូវ​សុក្រឹត ត្រឹមត្រូវ ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ហៅថា ប័ណ្ណកម្មសិទ្ធិ ព្រោះថា នេះ​ជា​ឱកាស​ចុងក្រោយ ដែល​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់ មាន​សិទ្ធិ​ធ្វើការ​កែតម្រូវ ឬ​ជំទាស់​តវ៉ា​បាន ក្នុងករណី​ដែល​ពិនិត្យ​មើលទៅ​ឃើញថា​មាន​កំហុសឆ្គង មក​គណៈកម្មការ​រដ្ឋ​បាល ។​

​លោក ហ៊ី សាយ មានប្រសាសន៍​បន្ថែមថា រយៈកាល​កន្លងមក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​រួច និង បានចេញ​-​ចែក​ប័ណ្ណ​បាន​ចំនួន​០៧​សង្កាត់ និង មួយ​ឃុំ គឺ​៖ សង្កាត់​សៀមរាប បាន​០៧​ភូមិ , សង្កាត់​សាលា​កំរើក បាន​០៧​ភូមិ , សង្កាត់​ស្វាយដង្គំ បាន​១៤​ភូមិ , សង្កាត់​ជ្រាវ បាន​០៧​ភូមិ , សង្កាត់​ស្លក្រាម បាន​០៧​ភូមិ , សង្កាត់​គោកចក បាន​០៧​ភូមិ និង សង្កាត់​នគរធំ បាន​០១​ភូមិ ព្រមទាំង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បានចេញ​-​ចែក​ប័ណ្ណកម្មសិទ្ធិ​ចំនួន​០២​ភូមិ ស្ថិតក្នុង​អនុក្រឹត្យ​លេខ​៥២ និង អនុក្រឹត្យ​លេខ ១៥៨ គឺ​ភូមិ​ព្រ​គុយ និង ភូមិ​គោក​ចាន់ ខណៈ​សង្កាត់​សំបួរ ទើប​បញ្ចប់​ការបិទ​ផ្សាយ​ចំនួន​០២​ភូមិ នឹង​ឈានដល់​ការចេញ​ប័ណ្ណ​នាពេល​ឆាប់ៗ​ខាងមុខនេះ ព្រមទាំង​បាន​នឹង​កំពុង​អនុវត្ត​ការចុះបញ្ជី​ដី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងស្រុក​ចំនួន​០៤​ទៀត គឺ​ស្រុក​សូទ្រនិគម , ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង ស្រុក​ក្រឡាញ់ ៕​