សាលា​ចំនួន​២០ និង យុវជន​ឆ្នើម​ចំនួន​២០​នាក់​មកពី​ប្រទេស​អាស៊ាន​ទាំង​១០ ទទួលបាន​ពានរង្វាន់​មេត្រីភាព ក្នុងឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប​

កាលពី​ល្ងាច​ថ្ងៃ​០៨ ខែតុលា​ឆ្នាំ​២០១៩​នេះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បានទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន​លើក​ទី​១ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន , លោកជំទាវ ទន់ សា​អី​ម រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង ឯកឧត្តម Dato Limjackhoi អគ្គលេខាធិការ​អាស៊ាន​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ការប្រគល់​ពានរង្វាន់​នៅ​រាត្រី​នេះ គឺជា​ការទទួលស្គាល់​សាលា និង យុវជន​ឆ្នើម​របស់​យើង​កំរិត​តំបន់ ដែល​កន្លងមក ការប្រគល់​ពានរង្វាន់​នេះ យើង​ហាក់បីដូចជា​ដាច់​ឆ្ងាយ​បន្តិច ដោយសារ​ការប្រគល់​ពានរង្វាន់​អាស៊ាន​បរិស្ថាន​លើកដំបូង​នៅ​ខែកក្កដា​ឆ្នាំ​២០១២ នៅ​ប្រទេស​ម៉ាឡេស៊ី , ការប្រគល់​ពានរង្វាន់​លើក​ទី​២ នៅ​ខែកក្កដា ឆ្នាំ​២០១៥ ដូចនេះ​ការប្រគល់​ពាន់រង្វាន់​នៅ​ឆ្នាំ ថ្វីត្បិតតែ​យូរ​បន្តិច ប៉ុន្តែ​ជាការ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​សាលា​របស់​ប្រទេស​នីមួយៗ ក្នុង​យន្តការ​អភិវឌ្ឍន៍​ដោយ​ចីរភាព ។

​គួររំលឹកថា បន្ទាប់ពី​រដ្ឋមន្ត្រី​ប្រទេស​អាស៊ាន​ទាំង​១០ និង អគ្គលេខាធិការ​អាស៊ាន បាន​អញ្ជើញ​ចុច​ប៊ូ​តុង ជា​និមិត្តសញ្ញា​បើក​កម្មវិធី​ពិធី​ប្រគល់​ពានរង្វាន់ ឯកឧត្តម សាយ សំ​អាល់ , លោកជំទាវ ទន់ សា​អី​ម , ឯកឧត្តម អគ្គលេខាធិការ​អាស៊ាន និង លោកជំទាវ​Yukari Sato អនុរដ្ឋមន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ជប៉ុន បានផ្ដល់​ជា​កិត​ក​តិ​យស​ប្រគល់​ពានរង្វាន់ សម្រាប់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ ដល់​សាលា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ចំនួន ២០​សាលា និង​ពានរង្វាន់​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន​លើក​ទី​១ ចំនួន​២០​នាក់ ដែល​មកពី​ប្រទេស​អាស៊ាន​ទាំង​១០ ៕​