រយៈពេល​៥​ខែ គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ជិត​២០០​ករណី កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប

​លោក ​លីវ ឡ​ន ប្រធានការិយាល័យ​អភិវឌ្ឍន៍ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​លើកឡើងថា គ្រោះមហន្តរាយធម្មជាតិ រួមមាន​៖ ការកើនឡើង​កម្តៅ ការឈាន​ចូលដល់​រដូវ​វស្សា​យឺត ករណី​រន្ទះបាញ់ និង​ករណី​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​ក្នុង​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ​២០១៩​នេះ គិត​ត្រឹម​ថ្ងៃទី ២៤ ខែ ឧសភា​នេះ មាន​ចំនួន​១៧៦​លើក ដែល​បង្ករ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​០៦​នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនទៀត​។

​លោក ​លីវ ឡ​ន បន្ថែមទៀតថា ចំពោះ​ករណី​គ្រោះធម្មជាតិ​ដែល​បាន​កើតមានឡើង​នេះ សាខា​កាកបាទក្រហម​ខេត្តសៀមរាប តែងតែបាន​ចុះជួយ​អន្តរាគមន៍ ដោយ​ផ្តល់ជូន​ជា​សម្ភារៈ និង​ថវិការ​ដល់​គ្រួសារ​រងគ្រោះ​ទៅតាម​ទំហំ​នៃ​ការខូចខាត​ផងដែរ​។

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ​នានា ដែល​កើតឡើង​ជាយថាហេតុ​ផងដែរ​៕