ក្នុង​រយៈពេល​៣​ថ្ងៃនេះ ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​ចំនួន​២០០​នាក់ ទទួលបាន​ការពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺភ្នែកឡើងបាយ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកទេស​ចក្ខុរោគ​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន​


​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកទេស​ចក្ខុរោគ​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិនិត្យ វះកាត់ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ ជូន​ប្រជាជន​ខេត្តសៀមរាប ដោយ​ឥត​គិត​កម្រៃ បាន​ចំនួន​២០០​នាក់ ក្នុងនេះ​អ្នកជំងឺ​ដែល​ត្រូវ​ព្យាបាល​ដោយ​វះកាត់​មាន​ចំនួន​៥៥​ករណី លើ​គម្រោង​វះកាត់ ១០០​នាក់ ដែល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​នេះ បាន​ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប ដែល​ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោកស្រី Zhou Hong មកពី​សមាគម​ប្រជាជន​ចិន​ខេត្ត​យូ​ណាន ដើម្បី​មិត្តភាព​ជាមួយ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប មាន​មន្ទីរពេទ្យ​សាធារណៈ​ចំនួន​៥ ប៉ុន្តែ​ក្នុងនោះ​មានតែ​មន្ទីរពេទ្យ​ខេត្ត​មួយ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​សេវា​វះកាត់​ភ្នែក​បាន ហើយ​ការ​ចុះមក​ពិនិត្យ​ជំងឺ​ភ្នែក របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​ប្រជាជន​ចិន ខេត្ត​យូ​ណាន ជូន​ប្រជាពលរដ្ឋ​នាពេលនេះ គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ហើយក៏​ជាការ​ជួយ​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន និង ជួយ​កាត់បន្ថយ​ការចំណាយ ទៅលើ​ការ​សេវា​ព្យាបាល ពិសេស​ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែមទៀត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិទ​ចិន ដើម្បី​សុខមាលភាព​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដូច្នេះ​ក្នុងនាម​អាជ្ញា​ខេត្តសៀមរាប សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​ចិន​មកពី​ខេត្ត​យូ​ណាន ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​សម្ភារ​ផ្ទាល់ខ្លួន​មកជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ។

​អ្នកស្រី​វេជ្ជបណ្ឌិត ម៉ី យាន មកពី​មន្ទីរពេទ្យ​ប្រជាជន​ខេត្ត​យូ​ណាន មានប្រសាសន៍ថា​៖ មនុស្ស​ចាស់ អាច​នឹងមាន​បញ្ហា​ប្រឈម​នៃ​ជំងឺ​បាយ​ភ្នែក និង​មាន​ករណី​ជាច្រើន​ទៀត ដែល​បង្ក​ឲ្យ​ភ្នែក​កើតមាន​ជំងឺ​ឡើងបាយ ដូចជា​ការប៉ះទង្គិច ការ​ប៉ះ​ពន្លឺ​ខ្លាំង ហើយ​ការប្រើ​ថ្នាំ​ដាក់​ភ្នែក​មិនមាន​វេជ្ជបញ្ជា ក៏​ជា​ហេតុផល​នៃ​ការបង្ក​ឲ្យ​ភ្នែក ជួប​បញ្ហា​ឡើងបាយ​បានដែរ តែ​យ៉ាងណាក៏ដោយ ជំងឺ​បាយ​ភ្នែក​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​ពិការភ្នែក​នោះទេ បើសិនជា​មិន​ហួសពេល និង​មានការ​ព្យាបាល​ត្រឹមត្រូវ​ដោយ​គ្រូពេទ្យ​ឯកទេស ដូច្នេះ​ជំងឺ​បាយ​ភ្នែក អាច​ព្យ​បាល​បានជា​សះស្បើយ​១០០​ភាគរយ ដោយ​ការវះកាត់​តាម​បច្ចេកវិទ្យា​ទំនើប ។

​អ្នកស្រី​វេជ្ជបណ្ឌិត ម៉ី យាន មានប្រសាសន៍​បន្ថែមថា ភ្នែក​គឺជា​បង្អួច​នៃ​រាងកាយ​មនុស្ស នៅក្នុង​បេសកកម្ម​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​យូ​ណាន បាន​ពិនិត្យ វះកាត់ ព្យាបាល​ជំងឺ​បាយ​ភ្នែក​បានជា​ច្រើន​ករណី ពួក​ខ្ញុំ​សប្បាយចិត្ត ដែល​បាន​ជួយសង្គ្រោះ​ឲ្យ​ភ្នែក​ប្រជាជន​កម្ពុជា បាន​មើលឃើញ​ច្បាស់​ឡើងវិញ ។

​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ៖ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មាន​គ្រូពេទ្យ​ឯកទេស​ចក្ខុរោគ​ចំនួន​២​រូប បានផ្តល់​សេវា​វះកាត់​ជំងឺ​បាយ​ភ្នែក​នេះ បាន​ពី ៧០០ ទៅ ១.៣០០​នាក់​ក្នុង​មួយឆ្នាំ ប៉ុន្តែ​លទ្ធផល​នេះ វា​នៅ​តិច​នៅឡើយ បើ​ធៀប​ទៅនឹង​ចំនួន​ករណី​បាយ​ភ្នែក​លើ​មនុស្ស​ចាស់​ដែលមាន​ស្រាប់ និង​ករណី​កើត​ថ្មី​ទៀត ជា​រៀងរាល់ឆ្នាំ​នោះ ហើយ​ក៏មាន​កត្តា​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​មាននៅ​សេសសល់ ចំនួន​អ្នកជំងឺ​បាយ​ភ្នែក​មិន​បានមក​ទទួល​ការវះកាត់​ទាន់ពេលវេលា គឺ​ការខ្វះខាត​សេវា​ចក្ខុរោគ​នៅ​មូលដ្ឋាន​ដាច់ស្រយាល ហើយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​លើ​ករណី​ថែរក្សា ព្យាបាល​ភ្នែក​នៅមានកម្រិត ៕​