ឆ្នាំ​២០១៧​នេះ បទល្មើស​ជលផល​ជិត​៤​ពាន់​ករណី​ត្រូវបាន​បង្ក្រាប​

មានប្រសាសន៍​នៅក្នុង​ទិវា​មច្ឆជាតិ នៅ​ប្រាសាទអង្គរវត្ត កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ បទល្មើស​ជលផល​ចំនួន ៣.៩២៥​ករណី ត្រូវ​បាន​បង្ក្រាប ក្នុងនោះ​បាន​បំផ្លាញចោល​វត្ថុតាង​ចំនួន ៣.៧២៣​ករណី , ពិន័យ​អន្ដរការណ៍​ចំនួន ១១៦​ករណី និង​បញ្ជូន​ទៅ​តុលាការ​ចំនួន ៨៦​ករណី ខណៈ​ដែល​ផល​នេសាទ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ សម្រេច​បាន​មាន​ចំនួន​ជាង ៨០០​ពាន់​តោន កើន​ជិត​៧​ភាគរយ ពិសេស​ផ្នែក​វារីវប្បកម្ម (​ការចិញ្ចឹម​ត្រី​)​។

​ឯកឧត្តម វេង សាខុន មានប្រសាសន៍​ទៀត​ថា ផល​នេសាទ​ចាប់​ពី​ធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​សម្រេច​បាន​មាន​ប្រមាណ​ជាង ៦០០​ពាន់​តោន ក្នុងនោះ​ទឹកសាប​អនុវត្ត​បាន​ចំនួន​ជាង ៥០០​ពាន់​តោន និង​ផល​នេសាទ​សមុទ្រ​អនុវត្ត​បាន​ជាង ១០០​ពាន់​តោន កើនឡើង​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៦ ហើយ​ជា​ទិសដៅ​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម គឺ​បង្កើន​ការគ្រប់គ្រង​ធនធាន​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព និង​និរន្ត​ភាព តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល រក្សា​ការចាប់​ផល​ជលផល​ពី​ធម្មជាតិ​ក្នុង​រង្វង់ ៦០០​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ ជំរុញ​វារីវប្បកម្ម​ឱ្យ​កើនឡើង​ពី ១៥​ទៅ​២០​ភាគរយ​ក្នុង​មួយឆ្នាំ និង​ធ្វើឱ្យ​សហគមន៍​នេសាទ​មាន​កម្រិត​ជីវភាព​កាន់តែ​ប្រសើរឡើង​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​