ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ជា​ផ្លូវការ​ហើយ ដែល​ការប្រឡង​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ។

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ នៅ​ខេត្តសៀមរាប មាន​បេក្ខជន​សរុប​ចំនួន ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤ បន្ទប់ កើនឡើង​ចំនួន​មួយ​មណ្ឌល បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ដែល​មានតែ​១២​មណ្ឌល ដោយ​ចែកចេញជា​២ ផ្នែក គឺ ៖ ទី​១. ផ្នែក​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២.៩៤៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១.៧០៧​នាក់ និង ទី​២. ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនួន​៥.៧៧០​នាក់ ។

​មណ្ឌល​ប្រឡង​ទាំង​១៣ ក្នុង​ខេត្តសៀមរាប រួមមាន ៖ នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេចឪ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រួស មាន​០១​មណ្ឌល , សាលាបឋមសិក្សា​មុខ​នាគ មាន​០១​មណ្ឌល , សាលា​គរុកោសល្យ និង វិ​ក្រឹ​ត​ការ​ខេត្ត មាន​០១​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន សៀមរាប មាន​០១ មណ្ឌល , វិទ្យាល័យ​អង្គរ មាន​០២​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ មាន​០២​មណ្ឌល និង សាលាបឋមសិក្សា​វត្ត​ស្វាយ មាន​០១​មណ្ឌល ។

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​នៅ​វិទ្យាល័យ ១០​មករា​១៩៧៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប មានប្រសាសន៍ថា សូម​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា គោរព​ទៅតាម​បទ​ប្ប​ញ្ញ​ត្ដិ​របស់​ក្រសួង និង ជូនពរ​សូម​ឲ្យ​ប្អូនៗ ប្រឡង​ជាប់​គ្រប់ៗ​គ្នា ។

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​ពិធី​ចែក​រង្វាន់​សិស្ស​សិស្ស​ឆ្នើម នៃ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានប្រកាស​ជា​សាធារណៈ​ថា សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩​នៅក្នុង​ទូទាំង​ខេត្ត ដែល​ជាប់​និទ្ទេស A , B និង C នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ខេត្តសៀមរាប ។

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ , ជាប់​និទ្ទេស B មាន​ចំនួន​១៤៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧៧​នាក់ , ជាប់​និទ្ទេស C មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៨០​នាក់ , ជាប់​និទ្ទេស D មាន​ចំនួន​១.៥៣៣​នាក់ ក្នុងនោះ​ស្រី​ចំនួន ៩១៦​នាក់ និង ជាប់​និទ្ទេស E មាន​ចំនួន ៣.៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.០៨៩​នាក់ ហើយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន ៣១​រូប ក្នុងនោះ​ស្រី​ចំនួន​១៨​រូប ត្រូវ​ទទួលបាន​រង្វាន់​ម៉ូតូ​ម្នាក់​មួយគ្រឿង ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ៕​