ឆ្នាំ​២០១៩ មន្ទីរ​ឧស្សាហកម្ម​ខេត្តសៀមរាប មាន​ផែនការ​ចុះ​បណ្តុះបណ្តាល​អ្នក​ផលិត​ស្រា ស​

លោក តុ​ប ធឿន អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តសៀមរាប បាន​បង្ហាញ​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា មន្ទីរ​នឹងមាន​ផែនការ​ចុះ​ណែនាំ បណ្តុះបណ្តាល រៀបចំ​និតិ​វិធី ដល់​ម្ចាស់​អាជីវកម្ម​ផលិត​ស្រា ស ក្នុង​ខេត្ត​នៅ​ឆ្នាំ ២០១៩​ខាងមុខ​។

​លោក​អនុប្រធាន​មន្ទីរ បន្តទៀតថា សព្វថ្ងៃ​មាន​អាជីវកម្ម​ផលិត​ស្រា ស ចំនួន​១១៤ មូលដ្ឋាន មាន​ច្បាប់​ចំនួន​២​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​ពលរដ្ឋ​មាន​ការព្រួយបារម្ភ ថា អ្នក​ផលិត​ដាក់​តំបែ​ស្រា​មាន​ជាតិគីមី ដាក់​អង់ទ្រីន ឬ​ដាក់​សារធាតុ​ហាមឃាត់​ក្នុង​ស្រា ស ដែល​ប៉ះពាល់​ដល់​សុខភាព​ទទួលទាន ឬ អាច​ពុល​ស្លាប់​ជាដើម​។

​លោក តុ​ប ធឿន បានបញ្ជាក់​ដែរថា បើ​ពលរដ្ឋ​ឃើញ​កន្លែង​ស្រា ស ណា​មាន​ដាក់​សារធាតុ​ហាមឃាត់​ធ្វើ​ប៉ះពាល់​អ្នក​ទទួល​ទាន សូម​រាយការណ៍​ទៅ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ហើយ​អាជ្ញាធរ​ជួន​ដំណឹង​នេះ​បន្ត​មក​មន្ត្រី​ជំនាញ​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ការដាក់ទោស​ចំពោះ​អ្នក​ផលិត​នោះ​តាម​ច្បាប់​ដែល​កំណត់​៕

 

អត្ថ​បទ​៖ អ្នក​នាង​ ហាង​ សុជាតា