អាវុធ​កែច្នៃ​ចំនួន​២៤​ដើម ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ​

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា ប្រជា ពលរដ្ឋ​រស់នៅ​ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​សរុប​ចំនួន​២៤​ដើម ក្នុងនោះ​មាន​កាំភ្លើង​ព្រៃ​ចំនួន ១៩ ដើម និង កាំភ្លើង​ខ្យល់​ចំនួន ០៥​ដើម ជូន​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ ហើយ​ត្រូវ​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ការស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​ទាំងអស់នេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ បាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ ភាព កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ដែល​បាន​រៀបចំឡើង​ដោយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នងភ្នំ សហការ​ជា មួយ​មេភូមិ​ពពេល អង្គភាព​បរិស្ថាន និង​ក្រុមប្រឹក្សាឃុំ​ខ្នងភ្នំ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា អាវុធ​កែច្នៃ​នៅ​ឆ្នាំ​២០១៨ និង ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​ដកហូត​ផង និង ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ប្រគល់​ឲ្យ​ផង មាន​សរុប​ចំនួន​២៣៨​ដើម ក្នុងនោះ​មាន​កាំភ្លើង​ព្រៃ​ចំនួន ១៤០ ដើម និង កាំភ្លើង​ខ្យល់​ចំនួន ៩៨​ដើម ៕​