ទិវា​សហគ្រិនភាព​កម្ពុ​ជា​លើក​ទី​២ ឆ្នាំ​២០១៩ ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​

យោងតាម​បទពិសោធន៍ ដែល​ទទួលបាន​តាមរ​យ​:​នៃ​ការ​បំបែក​កំណត់ត្រា ពិភពលោក សម្រាប់​សិក្ខាសាលា​ស្តីពី​អាជីវកម្ម ដែលមាន​លក្ខណ​:​អនុវត្ត​ជាក់ស្តែង​ធំ​បំផុត នៅលើ​ពិភពលោក កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា ជា​លើក​ទី​២ ដ៏​ធំ​បំផុត សម្រាប់​ឆ្នាំ​២០១៩​នេះ ។

​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយ​:​នៃ​កិច្ចសហការ​ជាមួយ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ អង្គការ​យូណេស្កូ ព្រម​ជាមួយនឹង​ការឧបត្ថម្ភ​គាំទ្រ ដោយ​ក្រុមហ៊ុន​ឯកជន​នានា​ជាច្រើន​ទៀត បានរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា លើក​ទី​២ នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា នា​ខេត្តសៀមរាប នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​វត្តមាន​ជា​អធិបតី​ក្នុង​ពិធី​នេះ ហើយ​ក៏មាន​វត្តមាន​សិស្ស​-​និស្សិត និង​យុវជន ប្រមាណ​ជា ៥០០​នាក់ និង​អ្នកសម្របសម្រួល​៥០​នាក់​ផ្សេងទៀត បាន​ចូលរួម ។

​សូម​រំលឹកថា ព្រឹត្តិការណ៍​លើកដំបូង​នៃ​ទិវា​សហគ្រិនភាព​កម្ពុជា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៨ គឺ​យោងតាម​បទពិសោធន៍ ដែល​ក្រសួង​អប់រំ​ទទួលបាន​តាមរយ​:​នៃ​ការ​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Record) សម្រាប់​សិក្ខាសាលា​អាជីវកម្ម ដែលមាន​លក្ខណ​:​អនុវត្ត​ជាក់ស្តែង​ធំ​បំផុត​នៅលើ​ពិភពលោក កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ ។

​អ្វីដែល​កត់សម្គាល់ថា ការរៀបចំ​ទិវា​សហគ្រិនភាព​កម្ពុជា​លើក​ទី​២​នេះ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​នោះ គឺ​កម្មវិធី​នេះ​ត្រូវ​រៀបចំឡើង​នៅតាម​ទីតាំង​ចំនួន ២៥ កន្លែង​ផ្សេងៗ​គ្នា ក្នុងពេល​តែមួយ ( ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ) នៅតាម​បណ្តា ២៥ ខេត្ត​-​រាជធានី ហើយ​គេ​រំពឹងថា នឹងមាន​យុវជន​-​យុវនារី ចូលរួម​យ៉ាងហោចណាស់ ៤៥០០​នាក់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ រួមជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​យុវជន អ្នកតំណាង​សំខាន់ៗ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នានា ដែល​ចូល​រួមសហការ​ឧបត្ថម្ភ​គាំទ្រ ត្រូវបាន​ថ្លែង​សុន្ទរកថា និង​ផ្តល់​អនុសាសន៍​សំខាន់ៗ ដល់​យុវជន​តាមរយ​:​នៃ​ការផ្សាយ​ផ្ទាល់ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​https://WM.facebook.com/moeys.gov.kh) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពី​ក្រុង​សៀមរាប ផងដែរ ។

​ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ ទិវា​សហគ្រិនភាព​កម្ពុ​ជា គឺជា​ឱកាស​ថ្មី​មួយទៀត សម្រាប់​ផ្តល់​ជា​ចំណេះដឹង​ថ្មីៗ​និង​មាន​ផលប្រយោជន៍​ដល់​យុវជន​កម្ពុជា ក្នុងការ​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៅតាម​ចំណង់​ចំណូលចិត្ត ទៅតាម​លទ្ធភាព ទៅតាម​ជំនាញ​ដែល​ខ្លួន​មាន និង​ទៅតាម​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត ។​


​ឯកឧត្តម បង្ហាញ​នូវ​ការចាប់​អារ​ម្ម​ណ៏​ថា កន្លងមក​មាន​យុវជន​មួយចំនួន បានចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​ដោយ​ភាព​ប្រថុយប្រថាន មិន​ទទួលបាន​ការណែនាំ​តម្រង់ទិស និង​មិន​បានទទួល​ការបណ្តុះបណ្តាល​គ្រប់គ្រាន់​អំពី​សហគ្រិនភាព ដែលជា​កត្តា​ធ្វើ​ឲ្យ​យុវជន​ទាំងនោះ​ប្រឈម​នឹង​ហា​នី​ភ័យ​ខ្ពស់ ចំពោះ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ ។

​ការបណ្តុះ​គំនិត​សហគ្រិនភាព​ដល់​យុវជន មិន​ត្រឹមតែ​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​ឆ្ពោះទៅមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​គាំទ្រ​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ឲ្យ​ទទួលបាន​ជោគជ័យ​សម្រាប់​ការធ្វើ​អាជីវកម្ម និង​លើកកម្ពស់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត និង​សហគមន៍​របស់​ពួកគេ​ផងដែរ ។ នេះ​គឺជា​ព្រឹត្តិការណ៍​បង្កើត​វប្បធម៌​ពិភាក្សា​រៀនសូត្រ ដោយ​ពុំមាន​គ្រូបង្រៀន​នោះទេ ហើយ​អ្នកចូលរួម​នឹងត្រូវ​ធ្វើការ​ងារ​ជា​ក្រុម ទៅតាម​ការណែនាំ​ជា​ជំហានៗ ដូច​ដែលមាន​បង្ហាញ​នៅក្នុង​មេរៀន ៕​