យុវជន​ចំនួន​០៣​នៅក្នុង​ស្រុក​ក្រឡាញ់ ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ លើ​ការប្រឡងប្រណាំង​សួន​បន្លែ​យុវជន​

បន្ទាប់ពី​មានការ​បំផុស​ចលនា​ប្រឡងប្រណាំង​សួន​បន្លែ​យុវជន ពី​សំណាក់​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​មក មាន​យុវជន​ជាច្រើន​នាក់​នៅក្នុង​ស្រុក​ក្រឡាញ់​បាន​ចូលរួម​ការប្រឡងប្រណាំង​សួន​បន្លែ​យុវជន​នេះ ហើយ​ការវាយតម្លៃ​ការប្រឡងប្រណាំង​សួន​បន្លែ​យុវជន​នេះ មាន​ចំនួន​២ លើក គឺ ៖ លើក​ទី​១ ចាប់ពី​ថ្ងៃទី​១៩-២២ ខែកញ្ញា ឆ្នាំ​២០១៩ វាយតម្លៃ​ទៅលើ​ការរៀបចំ​សួន និង​ថែទាំ ដោយ​ជ្រើស​យក​យុវជន​ចំនួន ៥​រូប រួមមាន​៖ ១- កញ្ញា ចែ​ល ផាប នៅ​ភូមិ​សង្កែ ឃុំ​ស្នួល , ២- លោក ទី ទីន នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ច​ន្លា​ស់​ដៃ , ៣- លោក យ៉ែម មុន្នី​រដ្ឋ នៅ​ភូមិ​ក្ដុល ឃុំ​តា​អាន , ៤- លោក ចំរើន ចំ​រ៉ុង នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ និង ៥- លោក ភាយ សុ​ភិន នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ និង លើក​ទី​២ នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៩​នេះ ដោយ​វាយតម្លៃ​ជ្រើស​យក​យុវជន​ចំនួន ៣​រូប​គឺ ៖ ១- លោក យ៉ែម មុន្នី​រដ្ឋ នៅ​ភូមិ​ក្ដុល ឃុំ​តា​អាន , ៣- លោក ចំរើន ចំ​រ៉ុង នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ និង ៣- លោក ភាយ សុ​ភិន នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ ។

​តាមរយៈ​នៃ​ការវាយតម្លៃ​ផ្តាច់ព្រ័ត្រ​នេះ គណៈកម្មការ​បានសម្រេច​ជ្រើស​យក​លោក ចំរើន ចំ​រ៉ុង នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ជាប់​ជា​បេក្ខជន​ជ័យលាភី ទៅលើ​សោភ័ណភាព និង ផលដំណាំ ដោយ​ទទួលបាន​ទូរស័ព្ទ​មួយគ្រឿង និង បេក្ខជន​០២​នាក់​ផ្សេងទៀត ទទួលបាន​ថវិកា​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ចំនួន​១០​ម៉ឺន​រៀល ដែល​រង្វាន់​ជា​ទូរស័ព្ទ​និង​ថវិកា​ជា​អំណោយ​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ ត្រូវបាន​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប និង​ឯកឧត្តម​ក្រុម​ប្រតិភូ​ក្រសួង​ព័ត៌មាន តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន យកទៅ​ប្រគល់ជូន​ដោយផ្ទាល់ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩​នេះ ។

​ជាមួយគ្នានេះដែរ​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​ផ្សេងទៀត សម្រាប់​រៀបចំ​សួនផ្កា​នៅខាងមុខ​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ស្រុក ដើម្បី​លើកកម្ពស់​សោភ័ណភាព និង បរិ​សា្ថ​ន​ស្អាត​នៅខាងមុខ​អគារ ជា​លំអ​ក្នុងការ​ទាក់ទាញ​អារម្មណ៍​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក ដែល​មក​ទទួល​សេវា​នៅទីនេះ​ប្រកបដោយ​ផាសុខភាព ព្រមទាំង​ឧបត្ថម្ភ​សម្ភារ​សម្រាប់​ការិយាល័យ​មួយចំនួន ជូន​ដល់ទី​ស្នាក់ការ​គណបក្ស​ស្រុក ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី ម៉ន​នី រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ដែល​បានផ្ដល់​ជា​ថវិកា និង សម្ភារ​តាមរយៈ​ក្រុមការងារ​ក្នុង​ពេលនេះ ដើម្បី​បំពេញតម្រូវការ​លើ​ការប្រើប្រាស់ ខណៈ​កន្លងមក​មានការ​ខ្វះខាត ។

​លោកស្រី ម៉ន​នី រង្សី មានប្រសាសន៍​បន្ថែមថា ការប្រឡងប្រណាំង​សួន​បន្លែ​យុវជន​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្ដម ជា ច័ន្ទ​បរិបូណ៌ ដែល​ការប្រឡងប្រណាំង​នេះ ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យកទៅអនុវត្ត​នៅ​មូលដ្ឋាន​ដទៃ ដើម្បី​ក្នុងការ​លើកកម្ពស់​ជីវ​ភាព បង្កើន​ភាពស្រស់​បំព្រង​នៃ​បរិស្ថាន​ជុំវិញ​ផ្ទះ កាត់បន្ថយ​ការចំណាយ​ក្នុង​គ្រួសារ និង​បន្ថយ​ការចំណាយ​ពេលវេលា​ឥតប្រយោជន៍​របស់​យុវជន ឲ្យ​ងាក​មក​ការងារ​ដាំំ​ដំណាំ​រួមផ្សំ​វិញ​ផងដែរ ដូច្នេះ​តាមរយៈ​នេះ សូម​សំណូមពរ​ដល់​យុវជន​ក្នុង​មូលដ្ឋាន​ទាំងអស់ សូមឱ្យ​បង្កើត​សួន​បន្លែ​នៅតាម​ផ្ទះ​របស់ ដើម្បី​បណ្តុះ​គំនិត​ធ្វើ​កសិកម្ម និង​ដំណាំ​រួមផ្សំ ចៀសវាង​ការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស និង​បង្កើន​សុវត្ថិភាព​ស្បៀង និង​ចំណីអាហារ​ក្នុង​មូលដ្ឋាន ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕​