និស្សិត​នៃ​សកល​វិទ្យាល័យ​មកពី​ប្រទេស​កូរ៉េ ប្រមាណ​ជា​៤០​នាក់ បាន​ទស្សនកិច្ច​សិក្សា និង​ជួយ​ជួសជុល​អគារសិក្សា​នៃ​សាលាបឋមសិក្សា​ប្រិ​យ រួមទាំង​ជួយ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​

កាលពីពេល​ថ្មីៗ​នេះ និស្សិត​នៃ​សកល​វិទ្យាល័យ សកលវិទ្យា​ល័យ Dankook University នៃ​សាធារណៈរដ្ឋ​កូរ៉េខាងត្បូង ប្រមាណ​ជា​៤០​នាក់ បានមក​ទស្សនកិច្ច​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ប្រិ​យ ភូមិ​ប្រិ​យ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​យក​បទ​ពិ​សោ​ធ៍​និង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកគ្រូ​សាស្ត្រាចារ្យ Hyeong Soo Kim ដោយ​សហការ​ជាមួយ​អង្គការ​សេវាកម្ម ដើម្បី​សន្តិភាព​កម្ពុជា ។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមនិស្សិត​បាន ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​ផ្នែក​អប់រំ​អនាម័យ , សិក្សា​សង្គម , កីឡា​សម្ព័ន្ធ , ជួយ​ជួលជុល​អគារសិក្សា , បំពាក់​ឧបករណ៍​ក្មេង​លេង , ធ្វើ​ក្លោងទ្វារ​ផ្លូវ​ចូល​សាលា , បំពាក់​សម្ភារ​សិក្សា សម្រាប់​ការិយាល័យ , សម្លៀកបំពាក់​សិស្ស , សម្អាត​ទីធ្លា​សាលា ,​លាបថ្នាំ​ថ្មី​ដល់​អគារសិក្សា , គូររូប​លម្អ​សាលា​សម្រាប់​ក្មេង , ចាក់ដី​បំពេញ​ទីធ្លា​សាលា ព្រមទាំង​បាន​ជួយ​អង្ករ និង ធ្វើ​ម្ហូបអាហារ​ដល់​កុមារ​ចំនួន​ប្រហែល ៤០០​នាក់​នៅក្នុង​អង្ក​ការ ដែល (DAIL) នៅ​ស​ង្តា​ត់​សៀមរាប ក្រុង​សៀមរាប​ផងដែរ ។

​កាល​ធ្វើ​ទស្សនកិច្ច​នេះ គឺជា​ការចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍ និង ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​កូរ៉េខាងត្បូង ដែលជា​ការទំនាក់ទំនង​ដ៏​ជិតស្និត​ជាមួយ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ បើទោះបី​ជាមាន​សញ្ជាតិ និង ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ គឺ​ដើម្បី​បង្កើត​នូវ​សន្ដិ​ភាពជា​សកល​នៅលើ​ពិភពលោក និង ការចូលរួម​សកម្មភាព​ជួយ​ដល់​សហគមន៍​ក្រីក្រ ព្រមទាំង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នៅពេល​កន្លងមកនេះ ក្រុម​នេះ បាន​ចុះ​តាម​ខេត្ត​នានា បាន​ចុះជួយ​នៅតាម​សា​សា​បឋមសិក្សា សហគមន៍​ក្រីក្រ មជ្ឈមណ្ឌល​កុមា​កំព្រា មជ្ឈមណ្ឌល​ជនពិការ មជ្ឈមណ្ឌល​ពេទ្យ​កុមារ​រស់នៅ​ដោយមាន​ផ្ទុកមេរោគ​អេដស៍ ដោយបាន​ជួយ​ឧបត្ថម​នូវ​សម្ភារ​សិក្សា​មួយចំនួន ដូចជា សម្ភារ​សម្រាប់​សិស្ស​សិក្សា , សម្ភារ​កីឡា និង សម្ភារ​រស់នៅ​មួយចំនួនទៀត ដល់​សាលា និង មជ្ឈមណ្ឌល​ផ្សេងៗ ។

​សូមបញ្ជាក់ថា តាំងតែ​ពី​ឆ្នាំ​២០០៩​ដល់​បច្ចុប្បន្ននេះ សាកលវិទ្យាល័យ Dankook university នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ចុះមក​ទស្សនកិច្ច​សិក្សា​នៅក្នុង​សាលាបឋមសិក្សា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​១១​លើក​រួចមកហើយ ហើយ​មាន​គម្រោង​ជួយ​ដល់​សាលាបឋមសិក្សា​នានា ដោយ​ជួយ​នូវ​បង្គន់ និង​ប្រព័ន្ធ​ទឹកស្អាត សម្រាប់​សិស្សានុសិស្ស​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ ដែល​អាច​ពិ​សារបាន​នៅក្នុង​សាលា​ថែមទៀត ៕​