សណ្ឋាគារ​ចំនួន​០៥​កន្លែង , ផ្ទះសំណាក់​ចំនួន​០៥​កន្លែង , អាហា​រដ្ឋា​ន​ចំនួន​១០​កន្លែង និង រមណីយដ្ឋាន​និង​សហគមន៍​អេកូ​ទេសចរណ៍​មាន​ចំនួន​០៤​កន្លែង ក្នុង​ខេត្តសៀមរាប ត្រូវបាន​ក្រុមការងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប គាំទ្រ​ក្នុងការ​ផ្ដល់នូវ​ស្លាក​សញ្ញា​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ជំហាន​ទី​១

តាមរយៈ​នៃ​កិច្ចពិភាក្សា​មួយ​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត មន្ត្រី​ជំនាញ​ក្នុង​ខេត្ត និង អភិបាល អភិបាលរងក្រុង​ស្រុក​ក្នុង​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បានសម្រេច​យល់ព្រម និង គាំទ្រ​ក្នុងការ​ផ្ដល់នូវ​ស្លាក​សញ្ញា​វិធាន​សុវត្ថិភាព​ទេសចរណ៍ ជំហាន​ទី​១ ចំពោះ​សេវាកម្ម​សណ្ឋាគារ​ចំនួន​០៥​កន្លែង , សេវាកម្ម​ផ្ទះសំណាក់​ចំនួន​០៥ កន្លែង , ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ចំនួន​១០​កន្លែង និង សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍​មាន​ចំនួន​០៤​កន្លែង ។

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បញ្ជាក់ថា បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​រួចមក មន្ទីរ​បាន​បែងចែក​ក្រុមការងារ​ចំនួន​០៣​ក្រុម គឺ​ក្រុម​ស្នាក់នៅ , ក្រុម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន និង ក្រុម​អាហារ​ដ្ឋា​ន​និង​រមណីយដ្ឋាន​ទេសចរណ៍ សម្រាប់​ចុះ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ទូទាំង​ខេត្ត ហើយ​ជាក់ស្ដែង​ក្រុម​ស្នាក់នៅ បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​សណ្ឋាគារ​ចំនួន​២១​កន្លែង ក្នុងចំណោម​សណ្ឋាគារ​ដែល​កំពុងបើក​ដំណើរការ​ចំនួន​៦៥​កន្លែង ក្នុង​មាន​សណ្ឋាគារ​ចំនួន​០៥​កន្លែង អនុវត្ត​បានល្អ​លើ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង ផ្ទះសំណាក់​ចំនួន​១០​កន្លែង ក្នុងចំណោម​ផ្ទះសំណាក់​ដែល​កំពុងបើក​ដំណើរការ​ចំនួន​៨៥​កន្លែង ក្នុង​មានផ្ទះ​សំណាក់​ចំនួន​០៥​កន្លែង អនុវត្ត​បានល្អ​លើ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ ។

​លោក ង៉ូ​វ សេង​កាក់ បានបញ្ជាក់​ទៀតថា ចំពោះ​ក្រុម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន បាន​ចុះ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ លើ​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​មាន​ចំនួន​២៥​កន្លែង ក្នុងនោះ មាន​ចំនួន​១០​កន្លែង អនុវត្ត​បានល្អ​លើ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង ក្រុម​អាហារ​ដ្ឋា​ន​និង​រមណីយដ្ឋាន​ទេសចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ទេសចរណ៍ លើ​សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍​មាន​ចំនួន​០៧​កន្លែង ក្នុងនោះ​មាន​ចំនួន​០៤​កន្លែង ដែល​អនុវត្ត​បានល្អ​លើ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ ។

​លោក ង៉ូ​វ សេង​កាក់ បានបញ្ជាក់​បន្ថែមទៀត​ថា មូល​ហេតុដែល​គាំទ្រ​ក្នុងការ​ផ្ដល់នូវ​ស្លាក​សញ្ញា​វិធាន​សុវត្ថិភាព​ទេសចរណ៍​នោះ គឺ​ក្នុងអំឡុង​ពេលដែល​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ បាន​សង្កេត និង កត់សម្គាល់​បាន​ថា សណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន និង សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​អេកូ​ទេសចរណ៍ ទាំងអស់នេះ អនុវត្ត​បានល្អ​លើ​វិធានការ​សុវត្ថិភាព ដូចជា នៅមុខ​និង​ក្នុង​ទីតាំង មាន​បិទ​នូវ​ខិតប័ណ្ណ​ស្ដីពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ , មាន​ដាក់​ទឹក​អាល់កុល ឬ​ជែ​ល​សម្រាប់​លាងដៃ ទាំង​នៅ​ខាងក្រៅ ខាងក្នុង និង បន្ទប់ទឹក , មាន​អ្នកបម្រើ​សម្រាប់​លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល ព្រមទាំង​វាស់​កម្ដៅ​ឲ្យ​ភ្ញៀវ , តុ​អាហារ​រក្សាបាន​នូវ​គម្លាត​សុវត្ថិភាព និង អ្នកបម្រើ​ការ​បាន​ពាក់​ម៉ាស និង ស្រោមដៃ​គ្រប់ៗ​គ្នា ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ​ទាំងអស់ ត្រូវ​រៀបចំ​សំណុំ​ឯកសារ ដែល​ត្រូវ​ស្នើសុំ​ស្លាក​សញ្ញា​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឲ្យ​គ្រប់គ្រាន់ សម្រាប់​ដាក់ជូន​ឯកឧត្ដម​អភិបាលខេត្ត ដើម្បី​ពិនិត្យ សម្រេច និង រៀបចំ​ពិធី​ប្រគល់​ស្លាក​សញ្ញា​នេះ ក្នុងនោះ ត្រូវ​ចាត់ចែង​ក្រុមការងារ​ចុះ​តាមដាន​ជា​អចិន្ត្រៃយ៍​បន្តទៀត នៅតាម​ទីតាំង​ទាំងអស់នោះ រួម​នឹង​ទីតាំង​ផ្សេងៗ​ទៀត ដែល​កំពុងបើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ណែនាំ​ពួកគាត់​ឲ្យ​បាន​យល់ដឹង​សារៈសំខាន់​នៃ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង យល់ព្រម​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ជាពិសេស​ត្រូវ​រៀបចំ​និង​ចងក្រង​វីដេអូ ស្ដីអំពី​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាមួយគ្នានេះ លោក លោកស្រី​អភិបាលក្រុង ស្រុក​ទាំងអស់ ត្រូវ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​ពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ ឲ្យ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពិសេស​ពេល​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ៕​