​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ ៖ លើក​​បញ្ហា​សំរាម ការជួសជុល​ផ្លូវថ្នល់ និង​ការរំលោភ​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្រៅ​ពី​របៀបវារៈ

កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៥ របស់​ខ្លួន​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយ​មាន​របៀបវារៈ​សំខាន់ៗ​មួយចំនួន ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​តំណាង​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាល​និង​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក ព្រម​ទាំង​ចៅ​សង្កាត់​ទាំង​១២​ក្នុង​ក្រុង​សៀមរាប ។

​ក្រៅ​ពី​របៀបវារៈ​ដែល​បាន​គ្រោងទុក​ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​មានមតិ​លើកឡើង​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង អង្គភាព​ពាក់ព័ន្ធ ឆ្លើយបំភ្លឺ​នូវ​បញ្ហា​មួយចំនួន​ក្នុង​ក្រុង​សៀមរាប រួមមាន​បញ្ហា​សំរាម , បញ្ហា​ផ្លូវថ្នល់​ដែល​ខូចខាត​មិនទាន់​ឃើញ​ធ្វើការ​ជួសជុល​ឡើង​វិញ និង បញ្ហា​នៃ​ការរំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត បាន​បកស្រាយ​បំភ្លឺ​ជូន​អង្គប្រជុំ ចំពោះ​បញ្ហា​ដែល​បាន​លើកឡើង ដូចជា​បញ្ហា​ការរំលោភ​ដី​ចំណី​ផ្លូវ ដែល​ករណី​នេះ អាជ្ញាធរខេត្ត បាន​ចាត់វិធានការ​ឱ្យ អាជ្ញាធរ​ក្រុង អនុវត្ត​ចំពោះ​សំណង់​អាណាធិបតេយ្យ ដែល​បាន​យក​ដី​ចំណី​ផ្លូវ និង ដី របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើឲ្យ​មាន​ផល​ប៉ះ ពាល់​ដល់​ផលប្រយោជន៍​សាធារណៈ និង ការជួសជុល​ផ្លូវថ្នល់​ដែល​ខូចខាត​នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៩​នេះ ។

​ក្នុងឱកាស​នោះ​ដែរ លោក លី សំរិទ្ឋ បាន​សំណូមពរ ឲ្យកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​មន្ទីរជំនាញ ត្រូវ​សហការ​គ្នា ត្រួតពិនិត្យ​ឡើងវិញ រាល់​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធំៗ និង​ត្រួតពិនិត្យ​ចំពោះ​អ្នក បើកបរ​រថយន្ត​ទាំងនោះ ខ្លាចក្រែង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ព្រោះ​ឥរិយាបទ​នៃ​បើកបរ​របស់​ពួក​គាត់​មួយ​ចំនួន ហាក់ដូចជា​មិន​ប្រក្រតី ការដឹកជញ្ជូន​ដី​ធ្លាក់​តាម​ដងផ្លូវ និង ធ្វើឲ្យ​ខូចផ្លូវ បាត់​នូវ​សោ​ភណ្ឌ​ភាព​ក្រុង ។

​មាន​មតិ​បូក​សរុប​បិទ​អង្គប្រជុំ ឯកឧត្តម អ៊ឹង ហឿន បាន​ក្រើនរំលឹក និង ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅ​ឆ្ពោះទៅ​រក​មូលដ្ឋាន បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ធ្វើ​ការកែលម្អ​ភាព​អសកម្ម នានា និង ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ជាពិសេស​ចំពោះ​អ្នក​ដែល​សាងសង់​រំលោភ​យក​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន សូម​ឲ្យ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ក្រុង​និង​សមត្ថកិច្ច​នគរបាល អង្គភាព​មន្ទីរ​ពាក់ព័ន្ឋ​នានា ត្រូវ​សហការ​គ្នា​ឈរ​លើ​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌ ព​ញ​រម​ទាំង​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ត្រួតពិនិត្យ​ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ដូចជា រថយន្តក្រុង រថយន្ត​ដឹក​ដី និង កុងទឺន័រ ធ្វើការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ដោយសារតែ​អ្នកបើកបរ​រថយន្ត​ធំៗ​ទាំងនោះ​ខ្វះ​ការប្រុងប្រយ័ត្ន ៕

 

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​