ទិវា​យោ​គៈ​ឬ​យូ​ហ្គា អន្តរជាតិ​លើក​ទី​៥ នៅមុខ​ប្រាសាទអង្គរវត្ត​

កាល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍​នៃ​កម្ពុជា ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា , អាជ្ញាធរ​ខេត្តសៀមរាប , អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប បានរៀបចំ​ទិវា​អន្តរជាតិ​ស្តីពី​យោ​គៈ​ឬ​យូ​ហ្គា លើក​ទី​៥ នៅមុខ​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ , លោក ជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​ភ្ញៀវ​ជាតិ និង អន្តរជាតិ​ប្រមាណ​ជាង ១.៣០០​នាក់ ។

​ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា ព្រឹត្តិការ​យោ​គៈ​មិន​ត្រឹម​តែមាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព តាមរយៈ​ជួយ​សម្រួល​ចលនា​សាច់ដុំ និង​ចង្វា​ក់ស​សៃ​ឈាម​ឱ្យ​ដើរ​បាន​ស្រួល​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ត​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​បាន​អប់រំ​ផ្លូវ​ចិត្តស្ងប់​អារម្មណ៍ ធ្វើឱ្យ​មនុស្ស​ស្រឡាញ់​សន្តិភាព ហើយ​ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៥​នេះ កម្ពុជា​បានរៀបចំ​ឡើង​នៅ​៤​ទីតាំង​ផ្សេងគ្នា រួមមាន នៅ​រាជធានី​ភ្នំពេញ , ខេត្ត​ព្រះសីហនុ , ខេត្តសៀមរាប និង ខេត្តបាត់ដំបង​។

​ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍​ទៀតថា តាមរយៈ​ព្រឹត្តិការណ៍​នេះ បានធ្វើឱ្យ​គោលដៅ​ទេសចរណ៍​ល្អៗ​របស់​កម្ពុជា នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្គាល់​កម្ពុជា​បន្ថែមទៀត ពោលគឺ​យើង​ទទួលបាន​ផលចំណេញ​ច្រើន​លើ​វិស័យ​ទេសចរណ៍ នៅក្នុង​ការផ្សព្វផ្សាយ​ទៅលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ ខណៈ​នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៦.២​លាន​នាក់ ក្នុង​កំណើន​១០,៧​ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌា មាន​ចំនួន​៦៥.៨៨២​នាក់ កើនឡើង​១០,៦​ភាគរយ ហើយ​ក្នុង​ត្រីមាស​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​១​លាន​៨៧​ម៉ឺន​នាក់ កើនឡើង​៩,៧​ភាគរយ ហើយ​យើង​រំពឹងថា​នឹង​ទទួលបាន​កំណើន​ភ្ញៀវ​ជាង​៦.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ និង​ជាង​៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។

​លោកជំទាវ ម៉ា​នី​កា ជេន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ទិវា​យោ​គៈនេះ ត្រូវបាន​អង្គការសហប្រជាជាតិ​ប្រកាស​ទទួលស្គាល់​កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ និង​កំណត់​យក​ថ្ងៃទី​២១ ខែមិថុនា​ជា​រៀងរាល់ឆ្នាំ ជា​ទិវា​យោ​គៈ​អន្តរជាតិ ហើយ​សេចក្តីសម្រេច​នេះ ត្រូវបាន​បោះឆ្នោត​គាំទ្រ​ចំនួន​១៧៧​ប្រទេស ជាងនេះទៅទៀត នៅ​ឆ្នាំ​២០១៦​អង្គការ​យូណេស្កូ បានប្រកាស​ទទួលស្គាល់​យោ​គៈជា​បេតិកភណ្ឌ​ពិភពលោក ។

​លោកជំទាវ ម៉ា​នី​កា ជេន មានប្រសាសន៍​ទៀតថា នាយករដ្ឋមន្ត្រី​ឥណ្ឌា ជា​អ្នក​លើកស្ទួយ​យោ​គៈ ដោយ​គាត់​ពន្យល់ថា ការហាត់​យោ​គៈ​ឱ្យបាន​ខ្ជាប់ខ្ជួន អាចធ្វើឱ្យ​រាងកាយ​មនុស្ស​មាន​ថាមពល​គ្រប់គ្រាន់ និង​ធ្វើឱ្យ​យើង​មាន​សក្តានុពល​ឈានដល់​កំរិត​ខ្ពស់បំផុត ហើយ​យោ​គៈជា​ដំណោះស្រាយ​សម្រាប់​ជីវិត​ជោគជ័យ​សុខភាព​ល្អ​និង​រីករាយ ហើយ​នៅក្នុង​សតវត្ស​នេះ យើង​សង្កេតឃើញថា យោ​គៈ​បាន​ភ្ជាប់​ពិភព​ទាំងមូល គឺ​ភ្ជាប់​នឹង​រូប​កាយ ចិត្ត ប្រាជ្ញា និង​វិញ្ញាណ ខណៈ​សព្វថ្ងៃនេះ យោ​គៈ​កំពុងតែ​ផ្សាភ្ជាប់​នឹង​ពិភពលោក​ទាំងមូល ដោយ​យើងទាំងអស់គ្នា ចង់​រស់នៅក្នុង​ជីវិត​មួយ​ដោយ​មិនមាន​ភាព​តានតឹង ការឈឺចាប់ ជំងឺ​ផ្សេងៗ និង​ជីវិត​ពោរពេញ​ដោយ​សុភមង្គល ៕​