ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ នៅក្នុង​ស្រុក​អង្គរជុំ ដែល​បាន​រង​ប៉ះពាល់​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​បងប្អូន​ក្រុមគ្រួសារ​រង​ផលប៉ះពាល់​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែលជា​ជន​ចាស់ជរា​គ្មាន​ទីពឹង , កុមារកំព្រា , ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន , អ្នក​ផ្ទុកមេរោគ​អេដស៍ និង ជនពិការ​ទីទ័លក្រ ចំនួន​៦០ គ្រួសារ នៅក្នុង​ស្រុក​អង្គរជុំ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន ៖ អង្ករ​២៥​គីឡូក្រាម , មី​១​កេស , ត្រីខ​១​យួរ , អាវយឺត​២ និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ ទាង អេង ទៀ សីហា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​តែម្តង ។

​លោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍​ទៀតថា ក្នុងអំឡុងពេល​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ធ្វើ​អនាម័យ​សុខភាព​ឲ្យ​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់​ផង ក្រុមគ្រួសារ​យើង​ផង និង សហគមន៍​យើង​ផង ពី​សេស​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធប្រឆាំង​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល និង អនុវត្ត​ឲ្យ​បាន​តាម​ការណែនាំ​និង​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​និង​ទឹកសាប៊ូ អាល់កុល ឬ​ជែ​ល និង ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ។

​ក្នុងឱកាស​នោះដែរ​លោកជំទាវ ទាង អេង ទៀ សីហា និង ប្រតិភូ​អមដំណើរ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ធ្វើការ​ដាក់​ថ្នាំ​អា​បែ​ត តាម​ពាំង​ទឹក​ទៅតាម​ខ្នង​ផ្ទះ ក្នុងភូមិ​ដូន​ស្វា ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ដើម្បី​រួមគ្នា​បំបាត់​ជម្រក​ប្រភព​មូស​ខ្លា ការពារ​ជម្ងឺគ្រុនឈាម គ្រុន​ឈី​ក សំខាន់​មូស​ខ្លា​ញី​ដែលជា​ប្រភព​ចម្លងជំងឺ​ទាំងនេះ ៕​