វិធានការ ០៨​ចំណុច សម្រាប់​បង្ការ​ការចម្លង​ជំងឺ​រលាក​សួត​ដោយ វីរុស​កូ​រ៉ូ​ណា​ថ្មី

 

១៖ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច ឬ​អ្នកជំងឺ​ដែល​សង្ស័យ​។

២៖ លាងដៃ​ឲ្យ​បាន​ញឹកញាប់ (​ជាមួយ​សាប៊ូ និង​ទឹកស្អាត​) ជាពិសេស​បន្ទាប់ពី​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់​។

៣៖ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ​។ ចាំបាច់ ត្រូវ​លាងដៃ​ឲ្យ​បាន​ទៀងទាត់​មុនពេល និង​បន្ទាប់ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​ចម្លងរោគ​។

៤៖ ប្រកាន់ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជា ពិសារ​អាហារ​ដែល​ចំអិន​ឆ្អិន​ល្អ ជាពិសេស សាច់ និង​ស៊ុត​។

៥៖ អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួច ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់​។

៦៖ ត្រូវប្រកាន់យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវដង្ហើម (​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់​, លាងដៃ​បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម និង​រក្សា​ចម្ងាយ​ច្រើនជាង​១​ម៉ែត្រ​ពី​បុគ្គល​ដែលមាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាវ ជាដើម​)​។

៧៖ បុគ្គលិក​សុខាភិបាល​ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការណ៍​បង្ការ​ការចម្លង​រោគ ក្នុង​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។

៨៖ ប្រសិនបើ​មាន​សង្ស័យថា ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ដោយមាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ​លើសពី ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច​ក្នុងចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុង​១៤​ថ្ងៃមុន​ចេញ​រោគសញ្ញា ឬ​ដោយបាន​ប៉ះពាល់​ជាមួយ​អ្នកស្លាប់​ដោយសារ ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​មិនដឹង​អំពី​អត្តសញ្ញាណ (​ប្រភេទ​មេរោគ​) ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥៕​