ព្រឹក​មិញ​នេះ ក្រុមនិស្សិត​ផ្នែក​សារព័ត៌មាន មកពី​សាកល​វិទ្យា​ល​កេ​ម​យ៉ង​នៃ​សាធារណរដ្ឋ​កូរ៉េ មក​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ ក្រុមនិស្សិត​ផ្នែក​សារព័ត៌មាន​មកពី​សាក​ល​វិទ្យា​ល​កេ​ម​យ៉ង នៃ​សាធារណរដ្ឋ​កូរ៉េ ចំនួន​១៤​រូប ដឹកនាំ​ដោយ​លោក គិ​ម យ៉ូ​ចូ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​កេ​ម​យ៉ង បានមក​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្តសៀមរាប ដោយមាន​ការទទួល​ប​ដិ​ស​ណ្ឋា​កិច្ច​ពី​សំណាក់​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង លោក លោកស្រី ជា​អនុប្រធាន​មន្ទីរ និង ប្រធានការិយាល័យ​ចំណុះ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក គិ​ម យ៉ូ​ចូ បាន​សម្តែង​នី​វ​ក្ដី​សប្បាយរីករាយ ចំពោះ​ថ្នាកដឹកនាំ​និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បានទទួល​ស្វាគមន៍​ក្រុម​ប្រតិភូ​របស់លោក​ដោយ​ភាពកក់ក្ដៅ ខណៈដែល​ក្រុមនិស្សិត​ផ្នែក​សារព័ត៌​មាននៃ​សាកល​វិទ្យា​ល​កេ​ម​យ៉ង មក​ទស្សនកិច្ច​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​នាពេលនេះ គឺ​ក្នុង​បំណង​សិក្សា ស្វែងយល់​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្តសៀមរាប ។

​ជាការ​ឆ្លើយតប លោក លីវ សុខុន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​គណៈប្រតិភូ នៃ​សាកល​វិទ្យា​ល​កេ​ម​យ៉ង ដែល​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀម​រាម​នាពេលនេះ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ និង ក្រុមនិស្សិត​ផ្នែក​សារព័ត៌មាន​មកពី​សាក​ល​វិទ្យា​ល​កេ​ម​យ៉ង ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ខេត្តសៀមរាប​នេះ ។

​លោក លីវ សុខុន មានប្រសាសន៍​ទៀតថា មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប មាន​ការិយាល័យ​ជា​ច​ណុះ​ចំនួន​៥​ការិយាល័យ ក្នុងនោះ​មាន​ការិយាល័យ​ចំនួន​០២ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​ផ្សព្វផ្សាយ គឺ​កា​រិ​យាយ​ល័យ​វិទ្យុ ដែលមាន​ស្ថានីយ​មួយ​ឈ្មោះថា វិទ្យុ​FM​នគរ​ភ្នំ ផ្សាយ​តាម​រលក​ធាតុ​អាកា​សប៉ុ​ស្តិ៍​លេខ ១០៣ មេ​ហ្កា​ហឺត ផ្សាយ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង​១១​យប់ និង​ការិយាល័យ​ទូរទស្សន៍ ស្ថានីយ​មួយ​ឈ្មោះថា ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប ផ្សាយ​តាម​ស្ថានីយទូរទស្សន៍​ខ្សែកាប​អង្គរ​ខេត្តសៀមរាប ប៉ុស្តិ៍​លេខ​៩៥ និង តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ផ្សាយ​ជា​រៀងរាល់ថ្ងៃ គឺ​ផ្សាយ​ពេញ​២៤​ម៉ោង ។

​លោក លីវ សុខុន មានប្រសាសន៍​បន្ថែមទៀត​ថា ការផ្សាយ​របស់​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប​នេះ គឺ​ផ្ដោតជាសំខាន់​លើ​ការអប់រំ និង ការយល់ដឹង​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ , អភិបាលកិច្ច​ល្អ , ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋបាល​ខេត្តសៀមរាប ជាពិសេស ការផលិត​ព័ត៌មាន​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ​ក្នុង​ខេត្តសៀមរាប ៕​