ផ្ទះមួយ​ខ្នង​ស្ថិតនៅ​ចំណុច​ភូមិ​បឹង ក្នុង​សង្កាត់​ជ្រាវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ កាលពី​រសៀល​ថ្ងៃមិញ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង​ទេ​

លោក​វរៈសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រហែល​០៣​និង​៤០​នាទី​រសៀល ថ្ងៃទី​២៥ ខែមករា ឆ្នាំ ២០២០​នេះ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះមួយ​បានកើត​ឡើង នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​ផ្ទះ​នេះ​សង់​អំពី​ថ្ម​ក្រោម​ឈើ​លើ​ជា​ប្រភេទ​ពីរ​ខ្នង មាន​ទំហំ​០៧​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ជា​របស់​ឈ្មោះ កង ថា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ សាយ យ៉េត អាយុ​៤៣​ឆ្នាំ មុខរបរ​នៅផ្ទះ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​នោះទេ ដោយ​គ្រាន់តែ​ឆេះ​រៀន​កុងម៉ា​ធ្វើ​ពី​ឈើ​ចំនួន​០១ និង​ទូ​ដាក់​ខោអាវ​ចំនួន​០១ ធ្វើ​ពី​កញ្ចក់​និង​ឈើ​កុង​ផ្លាក​កេរ , ប្រាក់​ដុល្លារ​និង​ប្រាក់​ខ្មែរ​មួយចំនួន , ឯកសារ​ប្លង់ដី​មួយចំនួន​ដែល​ទុក​នៅក្នុង​ទូ​ខោអាវ និង​សម្ភារ​មួយចំនួនទៀត ដែលមាន​នៅលើផ្ទះ ហើយក៏​ពុំ​បណ្តាល​ឲ្យ​រងរបួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

​លោក​វរៈសេនីយ៍ឯក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​អុជ​ធូប​ទាន​សែន​កុងម៉ា ក្នុងអំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​និង​វៀតណាម ខណៈពេលដែល​ម្ចាស់ផ្ទះ​ពុំបាន​នៅ​នឹង​ផ្ទះ​របស់ខ្លួន ។

​លោក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុងករណី​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច បានចេញ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង ក្នុងនោះ​មាន ៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចំនួន​០១ គ្រឿង , រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០១ គ្រឿង និង រថយន្ត​ពន្លត់​អគ្គ​ភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចំនួន​០១​គ្រឿង ដោយមាន​ការចូលរួម​ពី​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ ទើប​គ្រប់​គ្រង់​ស្ថានភាព​អគ្គិភ័យ​ខាងលើនេះ​បាន ៕