ពលរដ្ឋ​ប្រមាណ​៥០០​នាក់​ក្នុងភូមិ​បង្កោង ស្រុក​ប្រាសាទបាគង ធ្វើ​ពិធី​ចាប់​ត្រី​ដើម្បី​ធ្វើ​ពិធីបុណ្យ​ឡើងអ្នកតា​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ ប្រជាជន​ទាំងប្រុស​ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមក​ប្រមូល​ផ្តុំគ្នា​នៅ​បឹង​ធំ​មួយ ស្ថិតនៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​បឹង​ធំ​មួយ​នេះ អ្នកភូមិ​បាន​អភិរក្ស​ត្រី​ទុក​មិនឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះទេ គឺ​សម្រាប់តែ​រកត្រី​រួមគ្នា​ដើម្បី​យកមក​ធ្វើជា​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ និង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ ព្រមទាំង​ទទួលភ្ញៀវ​ដែលជា​ទំនៀម​របស់​អ្នកស្រុក​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ហើយ​ការរក​ត្រី​នេះ គឺ អនុញ្ញាតឱ្យ​ប្រជាជន​ក្នុងភូមិ​បង្កោង​តែប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យតែ​ប្រជាជន​ភូមិ​ក្រៅ​ចុះ​ចាប់​នោះឡើយ និង​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណ​ទាំងអស់ រួមមាន​ដូចជា ឆ្នៀង​អង្រុត និង​សំណាញ់​ជាដើម ដោយ​គណៈកម្មការ​ភូមិ បាញ់​កាំជ្រួច​បន្លឺ​ស្នូរ​ជាស​ញ្ញា អនុញ្ញាតឱ្យ​ចុះ​ចាប់​ត្រី​បាន​ហើយ ។

​លោក ពេជ្រ ឃិន មេភូមិ ភូមិ​បង្កោង និង​ជា​គណៈកម្មការ​រៀបចំ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ​ខ្សត់​ទឹកភ្លៀង និង​មិនមាន​ទឹកធំ​ផង ទើប​មិន​សំបូរ​ត្រី ហើយ​គណៈកម្មការ​គ្រប់គ្រង និង​អភិរក្ស​បឹង​បាន​ប្រលែង​កូន​ត្រី​ប្រមាណ ១.៥០០​ក្បាល កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៩ ដើម្បី​រក្សា​ទិន្នផល​ត្រី​ដើម្បី​បាន​ផ្គត់ផ្គង់​កម្មវិធី​នៅ​ឆ្នាំនេះ​បន្ត ហើយ​ចំពោះ​ការចាប់​ត្រី​នេះ គណៈកម្មការ​បានកំណត់​ជា​ពីរ​ផ្នែក ដែលជា​ដំបូង​ប្រជាជន​ទាំងអស់​អាច​រកត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់ រីឯ​មួយផ្នែក​នៃ​បឹង​ដែល​ដាក់​សម្រាស់​ការពារ​មិនឱ្យ​ចាប់ពី​ដំបូង​នោះ ត្រូវ​ចាប់​ទុក​រួម​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ព្រះសង្ឃ​។

​លោក ពេជ្រ ឃិន បាន​ឲ្យ​ដឹង​ទៀតថា ការចាប់​ត្រី​ឡើង​មាឃ​នេះ មាន​ជា​យូរយារ​មកហើយ ដែល​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការ​ច្រូតកាត់ និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួចរាល់ ប៉ុន្តែ​ការរៀបចំ​បាន​ភាព​គគ្រឹគ​គ​គ្រែង​នេះ គឺមាន​ប្រមាណ​ជាង​១០​ឆ្នាំកន្លងមក​នេះ​ទេ នៅពេល​លោក​មាន​តួនាទី​ជា​មេភូមិ​ក្នុងភូមិ​បង្កោង ហើយ​លោក​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ធ្វើយ៉ាងណា​ថែរក្សា​ទំនៀមទម្លាប់​នេះ ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​នាពេល​អនាគត ដែល​ពិធី​នេះ តែងតែបាន​ប្រារព្ធ​ឡើង​រៀងរាល់ថ្ងៃ​១​កើត ខែមាឃ ៕