គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ពីរលើក​ក្នុងស្រុក​សូទ្រនិគម បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​ចំនួន​១៤​នាក់​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ពីរលើក​ក្នុងស្រុក​សូទ្រនិគម រវាង​រថយន្ត​ជាមួយនឹង​រថយន្ត បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​ចំនួន​១៤​នាក់ ក្នុងនោះ លើក​ទី​១ គឺ​នៅវេលា​ម៉ោង​២០​និង​១០​នាទី ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្តក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ម៉ាក​ហ៊ីយ៉ាន់ដាយ ព៌​ណ​ស្លា​ទុំលាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A.4940 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដោយបាន​រត់គេចខ្លួន ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វាំ​ង​មិន​ជាប់ បាន​បុក​ចំ​ពីក្រោយ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 2B.5675 បើកបរ​ដោយ​ឈ្មោះ ងិន សារៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បើកបរ​ទិសដៅ​ស្របគ្នា​ពី​លិចទៅ​កើត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម បណ្តាល​ឲ្យ​អ្នកដំណើរ​ទាំងសងខាង​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​១៤​នាក់​ក្នុងនោះ​ជនបរទេស​២​នាក់​ផងដែរ ដោយបាន​ធ្វើ​ឲ្យ​ឱ្យ​រថយន្តក្រុង​របស់​ ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយទឹក ខណៈ​រថយន្ត​ធុន​ត្រា​ខូចខាត​ផងដែរ ។​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា បាន​ឲ្យ​ដឹង​បន្ថែមថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២ គឺ​នៅវេលា​ម៉ោង​០៦​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ គឺ​រថយន្តក្រុង​របស់​ក្រុមហ៊ុន រិទ្ធី​មុន្នី ដឹក​អ្នក​ដឹ​ណើ​រ ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C.6856 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដោយបាន​រត់គេចខ្លួន បើក​បុក​ចំ​ពីមុខ​រថយន្ត​ម៉ាក​ឆ្លាម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ កំពង់ចាម 2A.3083 បើកបរ​ដោយ​ឈ្មោះ​សឿង គា (​ស្លាប់​នៅលើ​រថយន្ត​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ​ពុក​យុក ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ពីរលើក​នេះ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ចំណែក​វត្ថុតាង​ជា​រថយន្ត​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​សូទ្រនិគម អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​