ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្ត​ហៅថា​ទី​សំណាក់​សង្ឃ​រស្មី​ប្រាសាទសង្កែ​សឹង្ហ ក្នុងស្រុក​ស្វាយ​លើ ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូរ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ម្សិលមិញ​

​ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្ត ឬ​ហៅថា​ទី​សំណាក់​សង្ឃ​រស្មី​ប្រាសាទសង្កែ​សឹង្ហ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ រួមមាន ៖ សាលា​បុណ្យ ឬ​សាលាឆាន់ ១​ខ្នង , សា​ឡុ​ម ឬ​បោ​ត ១​ខ្នង , កុដិ​តូចៗ​សរុប​ចំនួន​១០​ខ្នង ប៉ុន្តែ​បាន​សាងសង់​រួច​ជា​ស្ថាពរ​ចំនួន​៦​ខ្នង ដោយ​ក្នុង​១​ខ្នង មានតម្លៃ ៨០០​ដុល្លារ និង កុដិ​បាយ ឬ​ផ្ទះបាយ ១​ខ្នង​ដែល​ស​មិ​ទ្ឋ​ផល​ទាំងនេះ បានមក​ពីស​ទ្ឋា​ជ្រះថ្លា​ជួយឧបត្ថម្ភ របស់​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ក្នុងនោះ​មាន​អ៊ំ​ប្រុស ម៉ន បឿន និង​អ៊ំស្រី លឹម គាត់ ព្រមទាំង​បងប្អូន​កូនចៅ ដែល​រស់នៅ​ឯនាយសមុទ្រ និង​ខេត្ត​ព្រះសីហនុ បាន​កសាង​កុដិ​ថ្ម​ថ្មី​១​ខ្នង ទុកជា​សម្បត្តិ​សង្ឃ ព្រមទាំង​ចំណាយ​ថ្លៃ​សម្ភារ​និង​ថវិកា សរុប​ចំនួន​២៥.១១២,៤៩ ដុល្លារ​អាមេរិក ត្រូវបាន​រៀបចំ​ពិធី​កាត់​ខ្សែបូរ​ឆ្លង និង សម្ពោធ​ស​មិ​ទ្ឋ​ផល​មួយចំនួនទៀត កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រោម​ព្រះអធិបតីភាព ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ព្រះ​មេគណ​ខេត្ត និង វត្តមាន​លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ ព្រមទាំង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត និង​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើនរូប​ផងដែរ​។​

​ព្រះ​តេជគុណ ឆន្ទៈរ​ក្ខិ​ត្តោ សំ ង៉ែត ចៅអធិការ​ស្តីទី​វត្ត​រស្មី​ប្រាសាទសង្កែ​សឹង្ហ មាន​សង្ឃដីកា​ថា វត្ត​នេះ ត្រូវបាន​រៀបចំ​កសាង​ឡើង នៅ​ដើមឆ្នាំ​២០១៨ តាម​សំណើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ដែល​កាលពីមុន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ មាន​ចំនួន​ជិត​៨០០​គ្រួសារ ក្នុងពេល​មានបុណ្យ​ទាន​ម្តងៗ ពួកគាត់​ត្រូវធ្វើ​ដំណើរ​ទៅកាន់​វត្ត​ផ្សេងៗ​មាន​ចម្ងាយ​ឆ្ងាយ​ប្រមាណ​ជា​៨​ទៅ​១២​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​មនុស្ស​ចាស់​គាត់​ខ្វះ​ល​ទ្ឋ​ភាព និង​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដើម្បី​ទៅ​សមាទាន​សិ​ល និង​បុណ្យទាន​ផ្សេងៗ​ផងដែរ ខណៈ​បច្ចុប្បន្ន វត្ត​អារាម​នេះ មិនទាន់​ក្លាយជា​វត្ត​ពេញ​សិទ្ឋិ​នៅឡើយ​ទេ ប៉ុន្តែ​បានរៀបចំ​សំណុំ​ឯកសារ​សុំ​បង្កើត​វត្ត​បញ្ជូនទៅ​ថ្នាក់លើ​បន្តបន្ទាប់​រួចរាល់​ហើយ​ដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​សាទរ​នូវ​ស​មិ​ទ្ឋ​ផល​ដែល​វត្ត​ទទួលបាន​នាពេលនេះ ដែល​បង្ហាញឱ្យឃើញ​ពី​ការគោរព​ស្រឡាញ់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដែលជា​សា​នា​របស់​រដ្ឋ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចូល​រួម​អភិវឌ្ឍ​សង្គម របស់​បងប្អូន​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ទាំង​ផ្នែក​ពុ​ទ្ឋ​ចក្រ និង​អាណាចក្រ ខណៈ​វិស័យ​ទាំងពីរ​នេះ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរ​មួ​ត ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជា​សត្យានុម័ត​ឲ្យ​ឃើញ​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​សង្គមជាតិ ដូច្នេះ​តាមរយៈ​នេះ សូមឱ្យ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត បន្ត​កៀរគរ​រក​ជំនួយ​ដើម្បី​កសាង​ស​មិ​ទ្ឋ​ផល​ថ្មីៗ​បន្ថែមទៀត ។​

​ព្រះ​តេជគុណ ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្តសៀមរាប មាន​ថេរ​ដីកា​ថា​៖ ស​មិ​ទ្ឋ​ផល​ទាំងនេះ​កើតឡើង​ដោយសារ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​នាំឱ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថេរភាព និង​ភាព​រីកចម្រើន​សម្បូរ​ស​ប្បាយ​លើ​គ្រប់​វិស័យ ខណៈដែល​ព្រះ​ពុ​ទ្ឋ​សាសនា ត្រូវ​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ជា​សាសនា​របស់​រដ្ឋ ហើយ​វត្ត​អារាម​ដែលមាន​ការរីកចម្រើន គឺជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវភាព​ប្រសើរឡើង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​នោះ ។​

 

​ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង មាន​ថេរ​ដីកា​បន្ថែមថា យើង​មានឱកាស​ធ្វើ​បុណ្យទាន​ផ្សេងៗ រួមគ្នា​កសាង​ស​មិ​ទ្ឋ​ផល​នានា​ទោះ​នៅ​ទីជនបទ​ដាច់ស្រយាល​ក្តី បាន​ដោយ​គ្មាន​ក្តីបារម្ភ ក៏​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ហេតុនេះ​សូម​ប្រជា​ពុ​ទ្ឋ​បរិស័ទ ត្រូវ​រួមគ្នា​រក្សាសុខ​សន្តិភាព​នេះ​ឱ្យ​ស្ថិតនៅ​ជា​និរន្ត កុំឱ្យ​បាត់បង់​ដោយ​ប្រការ​ដទៃ​ឡើយ ទុក​សម្រាប់​កូនចៅ​របស់​យើង​ជំនាន់​ក្រោយៗ​ទៀត ពីព្រោះ​ប្រទេស​យើង​ធ្លាប់​ទទួលរង​នូវ​ភាព​ល្វីង​ជូរចត់ កំសត់​អត់ឃ្លាន ទុក្ខសោក​វេទនា​រាប់សិប​ឆ្នាំ​រក​អ្វី​មក​រៀបរាប់​ពុំបាន​អស់​ទេ ជាពិសេស​អនុស្សាវរីយ៍​ដ៍​សែន​ជូរចត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ៕​