រដ្ឋបាល​ក្រុង​សៀមរាប ណែនាំ​មិនឲ្យ​មាន​ការលក់ ទិញ និង​ប្រើប្រាស់​រំ​សេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ​នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន វៀតណាម នាពេលខាងមុខ​

ដើម្បី​រក្សា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជៀងវាង​មាន​ករណី អគ្គិភ័យ និង​ការ​ភ្ញាក់ ផ្អើល​ដល់ បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តជាតិ​នោះ រដ្ឋបាល​ក្រុង សៀមរាប បានចេញ សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការហាម នាំចូល លក់​ទិញ រំ​សេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ មក​ធ្វើ​អាជីវកម្ម តាម​ទីផ្សារ តាម​ទូ​ប​លក់ដូរ​ផ្សេងៗ និង​តាម​ទីសាធារណៈ នៅក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម នាពេល​ខាងមុខ​នេះ​។

​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ក្រុង​សៀមរាប បាន​ធ្វើ​ការណែនាំ​ដល់ គ្រប់​អង្គភាព​ដែល​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​សៀមរាប ទាំងអស់ ត្រូវ​ធានា​ឱ្យបាន​នូវ សុវត្ថិភាព សន្តិសុខ​សង្គម ដោយ​ធ្វើ​ការត្រួតពិនិត្យ និង​មាន​វិធានការ យ៉ាង​ម៉ឺងម៉ាត់ បំផុត​ចំពោះ​ជន​ណា ដែល​ប្រព្រឹត្តិ​ល្មើស ព្រមទាំង​ធ្វើ​ការអប់រំ ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​។

​មិន​ត្រឹមតែ​ហាម​ការ​នាំចូល ការលក់ដូ​គ្រឿងផ្ទុះ ដូចជា​ផាវ និង​រំសេវ​នោះទេ តាម​សេចក្តីជូនដំណឹង​ដដែល​នោះ ក៏​បាន​ហាមឃាត់​ផងដែរ​ចំពោះ​សកម្មភាព ប្រើប្រាស់​រំសេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ ដើម្បី​ដុត​កំសាន្ត​សប្បាយ ឬ​អបអរសាទ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន និង​វៀតណាម​នេះ របស់​បងប្អូន​ប្រជាពលរដ្ឋ ។

​ក្នុងករណី​នៅតែ​មាន​ការ​ប្រព្រឹត្តិ​ល្មើស​ពី​សេចក្តីណែនាំ ត្រូវ​ធ្វើ​ការព្រមាន ផាកពិន័យ និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជាដើម​។​ជាមួយគ្នា​នេះ​គ្រប់​គណៈ​បញ្ជារ​ការឯកភាព​រដ្ឋ​បាល​សង្កាត់​ទាំង​១២​នៅក្នុង​ក្រុង​សៀមរាប​ក៏​មាន​ការផ្សព្វផ្សាយ​បទបញ្ជា​នេះ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ