មន្ត្រី​មន្ទីរ​កសិកម្ម​បង្ហាញ​គន្លឹះ​សំខាន់ៗ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​ទុកដាក់​ថ្នាំពុល​កសិកម្ម​


ប្រធានការិយាល័យ​និតិ​កម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើកឡើង​ថា ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព បរិស្ថាន ចំពោះ​ការប្រើប្រាស់ រៀបចំ​ទុកដាក់​កាកសំណល់​ថ្នាំ​កសិកម្ម កសិករ​ត្រូវ​គោរ​អនុវត្ត​តាម​គន្លឹះ​សំខាន់ៗ​ដូចជា​៖

១.​ប្រើប្រាស់​ថ្នាំ​អស់​តិច​ប៉ុន្តែ​ចំ​គោលដៅ
២.​ប្រើប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​បរិមាណ​ដោយ​សាយ​តាម​ស្លាក​សញ្ញា​ព័ត៌មាន​ដែល​មាន​នៅ​លើ​សំបក​វេច​ខ្ចប់
៣.​នៅពេល​ប្រើប្រាស់​ថ្នាំ​ត្រូវ​មើល​ស្ថានភាព​អាកាសធាតុ និង​ទី​០៤.​ការ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវតាម​វិធី​ដែល​បាន​ណែនាំ​។ លោក ហ៊ុន រស្មី ប្រធានការិយាល័យ​និតិ​កម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត មានប្រសាសន៍​បែប​នេះ នៅ​ពេល​ចូលរួម​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​សន្ទនា​មតិ កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​សីហា នេះ​។

​លោក ហ៊ុន រស្មី បាន​បន្តទៀតថា វិធីសាស្ត្រ​សំខាន់ៗ​ខាងលើនេះ បើ​កសិករ​អនុវត្តបាន​អាច​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​បាន​។ លោក​បន្ត​ថា​ចំណុច​មួយទៀត លោក​សូម​លើកទឹកចិត្ត​ឲ្យ​កសិករ​ព្យាយាម​ផលិត​ថ្នាំពុល​កសិកម្ម​ធម្មជាតិ​ដោយ​ខ្លួនឯង​។

​លោក​ប្រធានការិយាល័យ​និតិ​កម្ម​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បន្ថែមទៀតថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព បរិស្ថាន កន្លង​មក​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​អប់រំ​ណែនាំ​ដល់​កសិករ​នៅ​តាម​សហគមន៍ និង​បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​អាជីវករ​ឲ្យ​ណែនាំ​បន្ថែម​ទៅ​កាន់​អ្នកទិញ​ឲ្យដឹង​ពី​ផលប៉ះពាល់​និង​ការទុកដាក់​វេច​ខ្ចប់​ឲ្យបាន​ត្រឹមត្រូវ​៕