ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ដើម្បី​បញ្ជៀ​ស​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ​

ការស្រាវជ្រាវ​ថ្នាក់ជាតិ​បង្ហាញថា គ្រឿង​ស្រវឹង​ធ្វើឱ្យ​មាន​កំហឹង​និង​អំពើហិង្សា​ក្នុង​ចំណោម​បុរស​មួយចំនួន​។ វា​មិនមែន​ជា​មូលហេតុ​ពិតប្រាកដ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​នោះទេ ប៉ុន្តែ​វា​គឺជា​កត្តា​ហានិភ័យ​មួយ​ដែល​រួមចំណែក​ដល់​ការកើនឡើង​នៃ​ភាព​តានតឹង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ប្រសើរ​ជាង​មុន​, សហគម​ន៍​មួយ​ចំនួន​បានអនុម័ត “​ដីកា​” លើ​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង​។ ដីកា​នេះ​គឺជា​សារាចរ​ថ្នាក់​ឃុំ​ដែល​កំណត់​ព្រំដែន​លើ​ការលក់​, ការប្រើប្រាស់ និង​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។

 

​ក្នុង​នោះ​ឃុំ​កែវ​ពណ៍​ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ដ៏ទៃទៀត​ដែល​បាន​បង្កើត​ដីកា​គ្រប់គ្រង​គ្រឿង​ស្រវឹង ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ដែរ​។

​អ្នកស្រី សូ សារ៉េត អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោគ​ពោធិ៍ ឃុំ​កែវ​ពណ៍​បាន​និយាយថា ការបង្កើត​ឲ្យមាន​ដី​កាគ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​មូលដ្ឋាន​ពិតជា​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍ ជាពិសេស​ការប្រើប្រាស់​អំ​ពើ​ហិង្សា​ដែល​បង្ករ​មក​ពី​ការសេព​គ្រឿង​ស្រវឹង​។ អ្នកស្រី​សុំ​ឲ្យ​អាជ្ញាធរ​បង្កើន​ការយកចិត្តទុកដាក់​ចុះ​តាមដាន​ឲ្យបាន​ញឹកញ៉ាប់ ដើម្បី​ឲ្យ​ការបង្កើត​ដីកា​នេះ​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​។

​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោក សែ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ដែរ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា ក្រោយពេល​ភូមិ​ឃុំ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង ឃើញ​ថា​ប្រជាពលរដ្ឋ​បាន​ចូលរួម​ច្រើន ហើយ បុរសៗ​បាន​ចូលរួម​ក្នុង​ការកាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ច្រើន​បើ​ប្រៀបធៀប​និង​ពេល​មុន​ដែល​អាជ្ញាធរ​មិនទាន់​បាន​បង្កើន​ដីកា​គ្រប់គ្រង​គ្រឿង​ស្រវឹង​។ លោក​ថា​ប្រសិនបើ​អាជ្ញាធរ​ចង់​ឲ្យ​ដី​កាគ្រប់គ្រង​គ្រឿង​ស្រវឹង​កាន់តែ​មាន​ប្រសិទ្ធិភាព​គួរ​កំរិត​លើ​អ្នក​លក់​និង​បុរស​ដែល​អ្នក​ប្រើប្រាស់​ឲ្យបាន​ជាក់លាក់ ។

 

​លោក សាម ឈឿយ ជំទប់​ទី​២​ឃុំ​កែវ​ពណ៍​បានឲ្យដឹង​ថា​ឃុំ​បាន​បង្កើត​ដីកា​គ្រប់គ្រង​គ្រឿង​ស្រវឹង​តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ ក្រោយពេល​បង្កើត​ដីកា​នេះ​ឃើញថា​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ឃុំ ហើយ​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ​ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​កាត់បន្ថយ​ច្រើន​។​


​ការបង្កើត​ដីកា​គ្រប់គ្រង​គ្រឿង​ស្រវឹង​គឺធ្វើឡើង​គ្រប់​ភូមិ​ក្នុង​ឃុំ​កែវ​ពណ៍ ប៉ុន្តែ​ឃុំ​បាន​ជ្រើសរើស​យក​មួយ​ភូមិ​ដើម្បី​ជា​ភូមិ​គំរូ​ទៅ​ភូមិ​ដ៏ទៃទៀត ការផ្សព្វផ្សាយ​មិនទាន់បាន​ទូលំទូលាយ​នៅឡើយ​ទេ លោក​នឹង​ខិតខំ​បន្ថែមទៀត​ដើម្បី​ឲ្យ​ដី​កាគ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​ឃុំ​កែវ​ពណ៍​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​។

​គំរូ​នៃ​ដីកា​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ហួស​កម្រិត​គឺ​មាន​ប្រសិទ្ធភាព​ចំពោះ​សេដ្ឋកិច្ច សម្រាប់​សហគមន៍​ទាំងមូល ពីព្រោះ​វា​ដោះស្រាយ​ការបំពាន​គ្រឿង​ស្រវឹង​នៅ​កម្រិត​សហគមន៍ ហើយក៏​មាន​សក្តានុពល​ផងដែរ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​សង្គម​ផ្សេងៗ​ទៀត​ដូចជា ភាពក្រីក្រ​, កង្វះ​ការអប់រំ​, ការរំលោភបំពាន​លើ​កុមារ​, ការ​កើត​ជំងឺ​ផ្សេងៗ​, គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រភេទ​ផ្សេងៗ​ទៀត​។៕

អត្ថ​បទ​បទ​យក​ការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម