អង្គការ​អមរា បើក​វេទិកា​ទិវា​ស្ត្រី​ជនបទ​១៥​តុលា សម្រាប់​ប្រជាពលរដ្ឋ​ជា​ស្ត្រី​នៅក្នុង​ឃុំ​ត្បែង​

កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​និង​គាំទ្រ​ពី​អាជ្ញាធរ​ឃុំ​ត្បែង អង្គការ​អមរា បានរៀបចំ បើក​វេទិកា​ទិវា​ស្ត្រី​ជនបទ​១៥ តុលា ២០១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ស្ត្រី​ចំនួន​៥០​រូប​នៅក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្នុង​គោលបំណង​រំលឹក​ការចងចាំ​ជា​ប្រ​ត្តិ​សាស្ត្រ ចំពោះ​ការចូលរួម​ដើម្បី​មាន​សំឡេង​សម្រាប់​ស្ត្រី​ជនបទ ព្រមទាំង​លើកកម្ពស់ និង​គាំទ្រ​ចំពោះ​ការចូលរួម​លើ​គ្រប់​វិស័យ​របស់​ស្ត្រី​ជនបទ និង​ដើម្បី​បង្ហាញ​ជំរុញ​ឱ្យ​ស្ត្រី​នៅ​ជនបទ ពិសេស​ការងារ​កសិក​ម្ម បាន​ចូលរួម​ក្នុង​ភាពជា​អ្នកដឹកនាំ និង​ធ្វើឱ្យមាន​ភាពប្រសើរឡើង​លើ​ជីវភាព សន្តិសុខ​ស្បៀង​របស់​ស្ត្រី​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។

​ក្នុង​វេទិកា​នេះដែរ ក៏បាន​លើកយក​សារ​គន្លឹះ​មួយចំនួន រួមមាន ៖ ចូរ​ស្តាប់​យោបល់​របស់​ស្ត្រី​ជនបទ , យើង​ខ្លាំ​នៅពេល​យើង​ធ្វើការ​រួមគ្នា , សូម​រាប់បញ្ចូល​ស្ត្រី​ជនបទ​ផង , ស្ត្រី​ជនបទ​ជា​អ្នក​ចិញ្ចឹម​ប្រជាជាតិ​នេះ , សូម​ស្តាប់​ពួកយើង​ឥឡូវនេះ ជាដើម ក្នុងន័យ​ជួយ​ពញ្ញាក់​ដល់​ស្ត្រី​នៅតាម​ជនបទ ឱ្យ​យល់ច្បាស់​ពី​សិទ្ឋិ តម្លៃ​ការងារ ។

​លោកស្រី នូ សារឹម គ្រូ​បណ្តុះបណ្តាល​កម្មវិធី នៃ​អង្គការ​អមរា មានប្រសាសន៍ថា អង្គការ​អមរា​ទើប​រៀបចំ​វេទិកា​ទិវា​ស្ត្រី​ជនបទ​ជា​លើកដំបូង ខណៈដែល​អង្គការ​ផ្សេងៗ​ខ្លះ​បានធ្វើ​រួច អាស្រ័យ​ទៅតាម​កម្មវិធី​គម្រោង​ទាក់ទង​ទៅនឹង​ស្ត្រី​នៅតាម​ជនបទ ស្ត្រី​និង​វិស័យ​កសិកម្ម ទាក់ទង​ទៅនឹង​ស្ត្រី​និង​ស្បៀងអាហារ ជាដើម​។​ល​។ ហើយ​សម្រាប់​ខេត្តសៀមរាប អង្គការ​អមរា បានធ្វើ​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ព្រោះ​ទិវា​ស្ត្រី​ជនបទ​១៥​តុលា​នេះ គឺ​ផ្សាភ្ជាប់​ទៅនឹង​ប្រធានបទ ទិវា​បំពេញបន្ថែម​ទៅលើ​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉េ​ជី​ង ប្រទេស​ចិន និង​ភ្ជាប់​ជាមួយ​វេទិកា​ស្បៀងអាហារ​ពិភពលោក ដែល​វេទិកា​នេះ​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩៥ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ឆើយ ឆប សមាជិក​ក្រុមប្រឹក្សាឃុំ​ត្បែង បាន​ថ្លែង​នូវ​ការគាំទ្រ​ចំពោះ​កម្មវិធី​នេះ​ថា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ដល់​ស្ត្រី​នៅ​ជនបទ ឱ្យបាន​ជ្រួតជ្រាប​កាន់តែច្បាស់​អំពី សមភាព​រវាង​ស្ត្រី​និង​បុរស​ទាំង​ក្នុង​ការងារ​គ្រួសារ​ក៍​ដូចជា​ការងារ​ក្នុងសង្គម ពោលគឺ​ស្ត្រី​និង​បុរស​មាន​សិទ្ឋិ​ដូចគ្នា និង​ឈានទៅ​កាត់បន្ថយ​ជា​បណ្តើរៗ នូវ​វិសមភាព​រវាង​បុរស​និង​ស្ត្រី​នៅ​ទីជនបទ ក្នុង​គ្រប់​ការងារ​និង​គ្រប់​ស្ថានភាព ៕​