អធិការ​ស្រុក​អង្គរ​ជុំ ប្តេជ្ញាចិត្ត​លុបបំបាត់​ក្រុម​ក្មេង​ទំនើង​មិន​ឲ្យ​កើតមាន​

មានប្រសាសន៍​លើកឡើង​ក្នុង​ពេល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ នេះ លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ជុំ បាន​លើកឡើង​ថា បញ្ហា​ក្មេង​ទំនើ​ង ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ចា​ត់​បញ្ជូលទៅ​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធ្វើ​យ៉ាងណា​ថែ​រក្សាបាន​នូវ​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​លោក​បាន​ប្តេជ្ញាចិត្ត​ថា នឹង​លុបបំបាត់​រាល់​សកម្មភាព​ក្រុម​ក្មេង​ទំនើង​មិន​ឲ្យ​បន្ត​កើតមាន​ក្នុង​មូលដ្ឋាន​លោក​ទៀតឡើយ​។

​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ បាន​បន្ថែមទៀតថា ដើម្បី​លុបបំបាត់​សកម្មភាព​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​ការអុកឡុក រំខាន់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នេះ អធិការ​ស្រុក​បាន​ដាក់ចេញ​វិធានការ​សំខាន់​មួយ​ចំនួន ដូចជា​៖ ១.​ការអប់រំ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ ដោយ​ផ្តល់​លេខ​ទំនាក់ទំនង​និង​រាយការណ៍​មក​សមត្ថកិច្ច​ពេល​កើត​មាន​បញ្ហា​ណាមួយ ២.​វិធានការ​យាមល្បាត​នៅពេល​យប់ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​តាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សហការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ និង​ទី​០៣​វិធានការ​អនុវត្ត​ច្បាប់​។​ទោះជា​យ៉ាងណាក្តី​លោក​អធិការ​បាន​បញ្ជាក់ថា​មិន​អាច​ខ្វះ​បាន​ចំពោះ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការរាយការណ៍​មក​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​សូម​រម្លឹកថា​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ បាន​ធ្វើ​ការបង្ក្រាប​ករណី​ក្មេង​ទំនើ​ង​បាន​ចំនួន​០៣​ករណី ដែល​ធ្វើ​សកម្មភាព​រំខាន​តាម​ពិធី​បុណ្យទាន​និង​ពិធីមង្គលការ​នានា​ក្នុងស្រុក​អង្គរជុំ​៕

 

អត្ថបទ​៖​ អ្នក​នាង​ ធៀង​ ស្រី​មុំ​