អភិបាលរង​ស្រុក​អង្គរ​ធំ បង្ហាញថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​នេះ មិនទាន់​បាន​ប្រាស់​ប្រើ​សិទ្ធ និង​អំណាច​របស់​ខ្លួន ដោះស្រាយ​អំពើហិង្សា​ក្នុង​គ្រួសារ​ឱ្យបាន​ពេញលេញ​នៅឡើយ​

លោកស្រី ង៉ោ សុគន្ធី អភិបាលរង​ស្រុក​អង្គរ​ធំ បាន​មានប្រសាសន៍ថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​អង្គរ​ធំ នៅ​មិនទាន់​បាន​យល់​ពី​សិទ្ធិ និង​អំណាច​របស់​ខ្លួន​ទៅលើ​ការដោះស្រាយ ​និង​សម្របសម្រួល​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​ឡើយ​ទេ​។ លោកស្រី​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ពង្រឹង​តួនាទី​សិទ្ធិ​អំណាច​របស់​ខ្លួន​ឡើងវិញ ដើម្បី​ចូលរួម​ដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ជូន​ជនរងគ្រោះ​ឲ្យមាន​ប្រសិទ្ធិភាព​។

​លោកស្រី ង៉ោ សុគន្ធី មានប្រសាសន៍​បែប​នេះ ក្នុងការ​ពេល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី យើង​ធ្វើ​បាន របស់​វិទ្យុ និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ​២០១៩​នេះ ។

​លោកស្រី​អភិបាលរង​ស្រុក​អង្គរធំ ក៏បាន​លើកឡើង​បន្ត​ថា អាជ្ញាធរ​ស្រុក និង​សហកា​រណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បង្កើតឲ្យមាន​ការបណ្តុះ​បណ្តាល លើ​ការដោះស្រាយ និង​សម្របសម្រួល​អំពើហិង្សា​ក្នុង​គ្រួសារ​បន្ថែមទៀត​ដល់​អាជ្ញាធរ​មូលដ្ឋាន ឲ្យមាន​សមត្ថភាព និង​ប្រសិទ្ធិភាព ដើម្បី​ជា​ទំនុកចិត្ត​ដល់​ជនរងគ្រោះ ។

​អាជ្ញាធរ​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​តាម​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជនរងគ្រោះ ក្នុង​ការដោះស្រាយ សម្របសម្រួល និង​បញ្ឈប់​ការប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ ៕

 

អត្ថ​បទ​៖​ លោក​ បុង​ ឆវ័ន