មន្ត្រី​ជំនាញ​បសុព្យាបាល​ខេត្តសៀមរាប អះអាងថា ក្នុង​ទូទាំង​ខេត្តសៀមរាប គ្មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​

លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​០៨​ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា ខណៈ​សត្វ​ជ្រូក​មួយចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ​កំពុងតែ​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ សម្រាប់​ខេត្ត សៀមរាប នាបច្ចុប្បន្ន​នេះ មិនមាន​ការឆ្លង​ជំងឺ​ប្រភេទ​នេះឡើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនបាន​នៅ​ស្ងៀម​ទេ គឺ​បាន​តាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មង​ចត់ និង​ជាប្រចាំ​ទៅលើ​សុខភាព​សត្វ​ជ្រូក​នៅ​ទូទាំង​ខេត្ត និង​បាន​ណែនាំ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក កន្លែង​ប្រ​មូ​ផ្តុំ​ជ្រូក និង​ទីផ្សារ​ជ្រូក​ឱ្យធ្វើ​អនាម័យ​ឱ្យបាន​ជាប្រចាំ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​សាច់ជ្រូក ជាពិសេស​ភ្ញៀវទេសចរ​ដែល​បានមក​ស្នាក់នៅ​កំសាន្ត​សប្បាយ​នៅក្នុង​ខេត្ត ។

​លោក ព្រំ វិច បានបញ្ជាក់​ទៀតថា មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តសៀមរាប បាន​នឹង​កំពុងតែ​បង្កើន​ការត្រួតពិនិត្យ​លើ​សុខភាព​សត្វ​ជ្រូក​ដែល​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ដូចជា​ការពិនិត្យ​សត្វ​ជ្រូក​ដឹក​តាម​រថយន្ត តាម​ម៉ូតូ តាម​កសិដ្ឋាន និង​កន្លែង​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ដោយមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាមុន​ផងដែរ ពិសេស​បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​នៅ​គ្រប់​មូលដ្ឋាន​ធ្វើការ​ត្រួតពិនិត្យ និង​តាម​ជាប់​ជានិច្ច​អំពី​បញ្ហា​សុខភាព​សត្វ​ជ្រូក​ជាពិសេស​គឺ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ។

​លោក ព្រំ វិច បាន​អះអាង​ទៀតថា រាល់​សត្វ​ជ្រូក​ទាំងអស់ ដែល​ដាក់លក់​នៅលើ​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប គឺ​ត្រូវតែមាន​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ដែលមាន​បោះត្រា​នៅលើ​សាច់ជ្រូក​តែម្តង ហើយ​ក្រៅពីនេះ​មន្ត្រី​ជំនាញ ក៏បាន​ហៅ​អ្នកដើរ​លក់​សាច់ជ្រូក​ច​ល័ត មក​អប់រំ​ណែនាំ​ឱ្យ​យកតែ​សាច់ជ្រូក​ដែលមាន​សុវត្ថិភាព​ទៅ​លក់ ដោយ​មិន​អនុញ្ញាតឱ្យ​វាយ​ជ្រូក​ខ្លួនឯង យក​សាច់​ទៅ​លក់​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះទេ​។

​លោក ព្រំ វិច បានបញ្ជាក់​បន្ថែមទៀត​ថា សត្វ​ជ្រូក​ដែល​យកមក​ផ្គត់ផ្គង់​នៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ននេះ មាន​ប្រមាណ​ជា​២០០​ទៅ​២៥០​ក្បាល​ក្នុង​១​ថ្ងៃ ហើយ​សត្វ​ជ្រូក​ទាំងនោះ​គឺជា​ជ្រូក​ក្នុងស្រុក និង​មានការ​នាំចូល​ពី​ប្រទេស​ថៃ​តិចតួច និង​គ្មាន​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​នោះទេ ហើយ​បច្ចុប្បន្ននេះ សម្រាប់​សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​យកទៅដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេ​រោ​ឆ្លង​ទេ ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព​។​ពីព្រោះ​នូវ​រាល់​សត្វ​ជ្រូក​ទាំងអស់​ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន មុន និង​ពិឃាត​យក​សាច់ជ្រូក​ទាំង​អស់​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ។

 

​គួររំលឹកថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខេត្តសៀមរាប ធ្លាប់​បានចេញ​សេចក្តី​នាំ​ណែ​មួយ ដោយ​ជំរុញ​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ចាត់តាំង​កម្លាំង​មន្ត្រី​បសុពេទ្យ​ខេត្ត​-​ស្រុក និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​រៀបចំ​សម្ភារ​បរិក្ខារ​បសុពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​ឬ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ណែនាំ​វិធានការ​ច្បាប់ និង​វិធានការ​បសុពេទ្យ​ដល់​អ្នក​ចិញ្ចឹមសត្វ​ម្ចាស់​អាជីវ​កម្មដ្ឋាន អាជីវក​រទិញ ដឹកជញ្ជូន ពិឃាត​លក់ និង​ការកែច្នៃ​ផលិតផល​សត្វ ហើយ​ក្នុងករណី​ចាំបាច់ ត្រូវបង្កើត​ទីតាំង​ត្រួតពិនិត្យ​សុខភាព​សត្វ​បណ្តោះអាសន្ន និង​ទីតាំង ច​ត្តា​ឡី​ស័ក ធ្វើការ​ត្រួតពិនិត្យ​អនាម័យ​សុខភាព​សត្វ កំណត់​ពី​របៀប​ដឹកជញ្ជូន​សត្វ ផលិតផល​សត្វ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ និង​ផលិតផល​សត្វ​គ្រប់​ប្រភេទ​៕​