អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ហើយ​

កាលពីព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​អធិបតីភាព​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា , លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ , ព្រះ​វិជ័យ​រង្សី​បណ្ឌិត ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង ព្រះ​សម្ម​ទ្ធ​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា រួមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជាច្រើន ។​

​តាម​ប្រសាសន៍​លោក យិ​ត ចាន់​ដារ​ដ្ឋ បានឱ្យដឹងថា គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ គឺជា​សមិទ្ធផល​ទី​២ បន្ទាប់ពី​រហាត់ទឹក​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ​បណ្ឌិត សៀង ចាន់​ហេង ដែល​បានរួម​ចំណែក​ក្នុង​ការជួសជុល​បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដូច្នេះ​ក្នុងនាម​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ និង​ក្រុមការងារ ដែលជា​អ្នកវិនិយោគទុន​ក្នុង​វិស័យ​ឯកជន តែង​បានគិត​គូរ​ដល់​វិស័យ​បេតិកភណ្ឌ​ដែល​កំពុង​ត្រូវការ​ការរួមចំណែក​ពី​សប្បុរសជន​គ្រប់ទិសទី ដើម្បី​ជួសជុល​មរតក​វប្បធម៌​ជាតិ​ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​សំណង់​បុរាណ​និង​ការដាំ​កូនឈើ​ដើម្បី​លើកកម្ពស់​ភាព​បៃតង​ក្នុង​តំបន់​អង្គរ ដែល​កិច្ចការ​នេះដែរ គឺ​លោកជំទាវ​ពិតជា​គំរូ​មួយ​ដែល​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ដែល​ត្រូវតែមាន​ចំណែក​ក្នុងការ​ការពារ ថែរក្សា​មរតក​ដូនតា​ដោយ​ខាន​ពុំបាន​។​

​ក្នុងនាម​សប្បុរសជន​ជួយ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ទសបារមី​នៃ​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យមាន​ភាព​រូបរាង​ឡើងវិញ​រួច​ចាក​ផុតពី​ភាព​ខ្ទេចខ្ទាំ និង បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានឱ្យ​វិស័យ​ឯកជន រួមចំណែក​ក្នុង​កិច្ចការពារ ថែរក្សា កសាង និង អភិរក្ស​នូវ​សមិទ្ធផល​មរតក​បេតិកភណ្ឌ​ដែល​ដូនតា​បន្សល់​ទុកឱ្យ ហើយ​លោកជំទាវ​សន្យាថា​នឹង​បន្ត​កិច្ចការ​នេះ​ជា​បន្តបន្ទាប់​ទៅតាម​លទ្ធភាព និង​ឱកាស​ដែល​អាចធ្វើ​ទៅបាន​។​

​សូម​បញ្ជាក់ដែរថា ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សតវត្ស​ទី​១២ ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ខណៈ​បច្ចុប្បន្ន​ប្រាសាទ​នេះ បាន​រង​ការ​បាក់បែក​ជាខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ សំណង់​ប្រាសាទ និង​ទេសភាព​វប្បធម៌​នៃ​ស្រះស្រង់​ឡើងវិញ​នោះ អាជ្ញាធរ​ជាតិ​អប្សរា​និង​វិស័យ​ឯកជន​បាន​រួមដៃគ្នា​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​។​

 

​ដំណើរការ​ជួសជុល គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​រដូវប្រាំង ព្រោះ​ទឹក​រីង​ងាយស្រួល​ក្នុងការ​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ជួសជុល ហើយ​បច្ចុប្បន្ននេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសិក្សា​លម្អិត​ទាក់ទង​នឹង​ប្រាសាទ រួមទាំង​ផ្នែក​បុរាណវិទ្យា ហើយ​ឆ្លង​យោបល់​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែធ្នូ​ខាងមុខនេះ ទើប​ដំណើរការ​ជួសជុល​បាន ៕​