អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​បណ្ឌិតសភា នៃ​ប្រទេស​ចិន ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព​និង​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​

កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង វិទ្យាស្ថាន​បណ្ឌិតសភា « ស្ថាប័ន Dunhuang Academy » នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មិត្តភាព និង ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​រវាង​ស្ថាប័ន​ទាំងពីរ នាទី​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Zhao Shengliang នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន Dunhuang Academy ។

​គួររំលឹកថា ស្ថាប័ន Dunhuang Academy នេះ​គឺជា​ស្ថាប័ន​ចម្រុះ និង​ជា​វិទ្យាស្ថាន​បណ្ឌិតសភា ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ចិន នៅក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​ទទួលបន្ទុក​ការងារ​ផ្នែក​អភិរក្ស ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង ជា​ស្ថាប័ន​ជាតិ​អភិរក្ស​បុរាណវត្ថុ​ល្បីៗ នៅក្នុង​ប្រទេស​ចិន ។

​អនុស្សារណៈ​យោគយល់​គ្នា​នេះ មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ ដែលមាន​ខ្លឹមសារ​សំខាន់ៗ ផ្តោតលើ​ការសិក្សា​ប្រៀបធៀប ស្តីពី​សិល្បៈ​ព្រះពុទ្ធសាសនា ផ្លាស់ប្តូរ​ការសិក្សា ស្តីពី​ការអភិរក្ស និង​គ្រប់គ្រង រមណីយដ្ឋាន​បេតិកភណ្ឌ​វប្បធម៌ ផ្លាស់ប្តូរ​គ្នា​អំពី​ការប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ​រួមគ្នា បង្កើត​គម្រោង​ស្រាវជ្រាវ​រួមគ្នា ផលិត​វីដេអូ​និង​រៀបចំ​ពិព័រណ៍​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​រមណីយដ្ឋាន​រូង​ភ្នំ Mangao និង ផ្លាស់ប្តូរ​ការសិក្សា​ស្រាវជ្រាវ​វប្បធម៌​រវាង​ស្ថាប័ន​ទាំងពីរ ។

​តាមរយៈ​កិច្ចសហការ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​រំពឹងថា នឹង​ទទួលបាន​ការរីកចម្រើន ទាំង​ផ្នែក​ធនធានមនុស្ស និង ក្នុង​កិច្ច​អភិរក្ស​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ព្រមទាំង​ការផ្សព្វផ្សាយ​ទូលំទូលាយ​ទៅកាន់​ពិភពលោក​អំពី​រមណីយ​ដ្ឋា​ន​អង្គរ​៕​