អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច​

លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ទទួលបន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច បាន​ឲ្យ​ដឹងថា ក្នុង​គោលបំណង​ស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួលការ​ធ្វើដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ អាជ្ញាធរ​ជាតិ​អប្សរា ទើបនឹង​ជួសជុល​ផ្លូវដី​ក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​អាង​បារាយណ៍​ខាងលិច គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ដែលមាន​ប្រវែង​សរុប​ជិត ៣​ពាន់​ម៉ែត្រ ខណៈ​កន្លងមក ផ្លូវ​តាម​ខ្នង​ទំនប់​បាន​រង​ការខូចខាត មាន​ជង្ហុក​ធំៗ នៅពេល​មាន​ភ្លៀង​តែងមាន​ទឹក​ហូរ​ច្រោះ ដែល​ធ្វើឱ្យ​ខ្នង​ទំនប់​រង​ការខូចខាត ហើយ​ការធ្វើដំណើរ​តាមផ្លូវ​ខ្នង​ទំនប់​មាន​ភាពលំបាក ដែល​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បានត្រឹមតែ​កង់ និង​ម៉ូតូ​តែប៉ុណ្ណោះ ។

​លោក មាន់ ផានិត បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​នេះ​ក៏បាន​សម្រួល​ដល់​ភ្ញៀវទេសចរ​ដែល​និយម​មក​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​នៅ​ខ្នង​បារាយណ៍​ដែរ ខណៈ​ការជួសជុល​នាពេល​កន្លងមក សរុប​បាន​ប្រវែង ១០​គីឡូម៉ែត្រ​ហើយ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ដ​ជួសជុល​ប្រវែង ១០​គីឡូម៉ែត្រ​ទៀត​ដែល​នៅ​សេសសល់ ចំពោះ​ផ្លូវ​នៅលើ​ខ្នង​បារាយណ៍​នេះ​។

​លោក ឆាយ ផាត និង​គ្រួសារ ដែល​កំពុង​ជិះ​ម៉ូតូ​កាត់​ផ្លូវដី​ក្រហម​ថ្មី​ដែល​ទើប​ជួសជុល បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ថា ការធ្វើដំណើរ​តាមផ្លូវ​ខ្នង​ទំនប់​ពេលនេះ​មាន​ភាពងាយស្រួល ព្រោះ​កន្លងមក​នៅ​រដូវប្រាំង​មាន​ជង្ហុក​ធំៗ រីឯ​រដូវភ្លៀង​រអិល​ខ្លាំង ពិបាកធ្វើ​ដំណើរ​ណាស់ ដូច្នេះ​តាមរយៈ​នេះ សូម​អរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានធ្វើ​ផ្លូវ​ថ្មី​នេះ គឺ​បាន​សម្រួល​ក្នុង​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ច្រើន​៕​