អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ក្ដីបារម្ភ​ចំពោះ​សំណង់​ខុសច្បាប់​ដែល​សង់​ខុសពី​លិខិតអនុញ្ញាត​

លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ជួសជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស អ្នកស្រុក​បានធ្វើ​ការជួស​ជុល កែលម្អ​គេហដ្ឋាន ឬ​រុះរើ​ផ្ទា​ស់ចា​ស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយជា​សំណង់​ខុសច្បាប់​ទៅវិញ ព្រោះថា សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង បាន​នឹង​កំពុង​សង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​ស្របច្បាប់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក ឡុង កុសល បានបញ្ជាក់​ទៀតថា ការរៀបចំ​លំនៅដ្ឋាន​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ គឺ​ត្រូវ​ឱ្យស្រប និង​ជា​ផ្នែក​មួយ​នៃ​ការលើកតម្លៃ​បេតិកភណ្ឌ ដូច្នេះ​រាល់​ការស្នើសុំ​សាងសង់​ទាំងអស់ ចាំបាច់​ត្រូវសុំ​ច្បាប់​ជាមុន និង​ចាំបាច់​ត្រូវធ្វើ​ការសាងសង់​ស្របតាម​ខ្លឹមសារ​ដែល​បានអនុញ្ញាត ដូច្នេះ​ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​ជួសជុល កែលម្អ​គេហដ្ឋាន សង់​របង រោង​គោ រោង​មាន់ បង្គន់​អនាម័យ​ឬ​តម្រូវការ​ផ្សេងៗ ដែលមាន​លក្ខណៈ​ជា​ប្រភេទ​សំណង់​ស្រាល សូម​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ការទាក់ទង​មក​ក្រុមការងារ​សហគម​ន៍តា​ម​គោលដៅ​ភូមិ​នីមួយៗ​តាមរយៈ​ភូមិ​ឃុំ​/​សង្កាត់ ។

​លោក ឡុង កុសល បញ្ជាក់​បន្ថែមថា ក្នុងករណី​ប្រជាពលរដ្ឋ​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់ សាងសង់​ផ្ទះ​ថ្មី​ជំនួស​នោះ​ពួកគាត់​អាច​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឬក៏​នៅ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលា​ខេត្តសៀមរាប ហើយ​រាល់​ការចុះពិនិត្យ​បច្ចេកទេស និង​ការផ្តល់​លិខិតអនុញ្ញាត គឺ​មិនមាន​បង់ប្រាក់​ទេ ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវដាក់​ពាក្យសុំ​សាងសង់​មក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ត្រូវ​កំណត់​ទ្រង់ទ្រាយ​និង​ទំហំ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវធ្វើ​ការជួសជុល​ឬ​សាងសង់​ដោយ​គោរព​ទៅតាម​អ្វីដែល​បានស្នើ​សុំ​នោះ ជៀសវាង​ធ្វើឱ្យ​សំណង់​ទាំងនោះ​ក្លាយជា​សំណង់​ខុសច្បាប់​ក្នុងពេល​ជួសជុល​ឬ​សាងសង់​ព្រោះ​ប្រឈម​នឹង​មោឃភាព​លិខិតអនុញ្ញាត ការ​រើរុះ​ចេញ និង​វិធានការ​ច្បាប់​៕​