ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ជួប​សំណេះសំណាល​គណៈប្រតិភូ​ម​ក​ពី​ខេត្ត​បា​រៀ​-​វង់​តាវ ប្រទេស​វៀតណាម​

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា មាន​ជំនួប​ពិភាក្សា​ការងារ​មួយ រវាង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈប្រតិភូ មកពី​ខេត្ត​បា​រៀ​-​វង់​តាវ នៃ​ប្រទេស​វៀតណាម ក្នុង​បំណង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​វិស័យ​ទេសចរណ៍ និង​ការគ្រប់គ្រង អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​ខេត្ត​បា​រៀ​-​វង់​តាវ យ៉ាង​កក់ក្តៅ និង​បាន​លើក​អំពី​កាលប្រវត្តិ​សំខាន់ៗ​នូវ​ការរីកចម្រើន​ក្នុង​រមណីយដ្ឋាន​អង្គរ តួនាទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការអភិរក្ស ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដូច្នេះ​២០​ឆ្នាំ​មកនេះ តំបន់​រមណីយដ្ឋាន​អង្គរ រក្សាបាន​នូវ​តម្លៃ​លេចធ្លោ​ជាស​កល​របស់ខ្លួន តាំងពី​ដំបូង​រហូតដល់​បច្ចុប្បន្ន ។​

​ឯកឧត្តម ង្វៀន ហុង​លិញ (Nguyen Hong Linh) សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​បា​រៀ​-​វង់​តាវ បាន​ថ្លែងថា ប្រទេស​កម្ពុជា ជា​ទឹកដី​សម្បូរបែប ពិសេស​បេតិកភណ្ឌ​វប្បធម៌ ហើយ​ភាពជោគជ័យ​លើ​ផ្នែក​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ទេ តែ​ក៏​ជា​មោទនភាព​របស់​មនុស្សជាតិ​ទាំងមូល ដូច្នេះ​សូម​ឲ្យ​មានការ​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​គ្នា​ទៅវិញទៅមក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ការគ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ៕​