ព្រះសង្ឃ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាធារណជន ដាំ​កូនឈើ​ចំនួន​៥០០០​ពាន់​ដើម​នៅ​ប្រាសាទបន្ទាយ​ប្រី​យ៍ ក្នុងឱកាស​បុណ្យ​រុក្ខទិវា​៩​កក្កដា​

កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្ដួចផ្ដើម​ដាំ​កូនឈើ​គ្រញូង និង​គគីរ​ចំនួន​៥០០០​ដើម​នៅ​បរិវេណ​ព្រៃ​ខាងកើត​ប្រាសាទបន្ទាយ​ប្រី​យ៍ ស្របពេល​នឹង​ការ​ប្រារព្ធ​ពិធី «​រុក្ខទិវា​» ទូទាំងប្រទេស ដើម្បី​បំផុសគំនិត និង​ដាស់តឿន​ស្មារតី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ឱ្យចូល​រួម​ដាំ​ដើមឈើ​ឡើងវិញ ជៀសវាង​ការកាប់បំផ្លាញ​ព្រៃ​ដែលជា​ជម្រក​សត្វ​និង​ជា​រនាំង​ការពារ​បុរាណ​ដ្ឋា​ន​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ មន្ត្រីរដ្ឋបាល​ខេត្តសៀមរាប កាយ​រិ​ទ្ធ​នារី​កម្ពុជា លោកគ្រូ​អ្នកគ្រូ គរុ​សិស្ស និង​ពុទ្ធបរិស័ទ​ប្រមាណ​ជា​៥០០​អង្គ​/​នាក់ ។

​ព្រះ​តេជគុណ ពេជ្រ ដេវីត គង់នៅ​វត្ត​ពោធិ៍​លង្កា មាន​សង្ឃដីកា​ថា ដើមឈើ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ផ្តល់​ជម្រក​ដល់​មនុស្ស​សត្វ ផ្តល់​ខ្យល់អាកាស​បរិសុទ្ធ ជា​រនាំង​បាំង​ខ្យល់ព្យុះ ការពារ​ទឹកជំនន់ និង​នាំ​ទឹកភ្លៀង​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​សត្វលោក​។ ព្រះអង្គ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ គប្បី​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា ចូលរួម​ថែរក្សា​ការពារ ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​ឱ្យបាន​ច្រើន​ជាជាង​ការកាប់បំផ្លាញ​។

​លោក ជូ រ៉ា​ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​៥​ហើយ នៃ​យុទ្ធនា​ការដាំ​ដើមឈើ​ចំនួន​៤០.០០០​ដើម​នៅក្នុង​រមណីយដ្ឋាន​អង្គរ នា​រដូវវស្សា​ឆ្នាំ​២០១៩​នេះ ហើយ​បើ​គិតពី​ដើមឆ្នាំ​២០១៩​មកដល់ពេលនេះ យើង​បាន​ដាំ​ដើមឈើ​ចំនួន​៧.៣០០​ដើម និង បាន​ចែកជូន​កូនឈើ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣០.៣៩៧​ដើម​ដែរ ដែល​នេះ​ជា​ជោគជ័យ​មួយ​បង្ហាញ​អំពី​ការស្រឡាញ់​បរិស្ថាន ស្រឡាញ់​ធម្មជាតិ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ផង និង​ការពារ​ប្រាសាទបុរាណ​ផង​។

​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ​រួមទាំង​កូនឈើ​ប្រណីត និង​កូនឈើ​ដែល​ងាយស្រួល​ដាំ​ក្នុង​គោលបំណង​ចែកជូន​អង្គភាព ស្ថាប័នរដ្ឋ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែលមាន​បំណង​ចង់​យកទៅ​ដាំ​តាម​សហគមន៍ ភូមិ​ស្រុក និង​វត្ត​អារាម​ដើម្បី​លើកស្ទួយ​ភាពស្រស់​បំព្រង​និង​ការពារ​គ្រោះធម្មជាតិ​ផ្សេងៗ​ក្នុង​កន្លែង​ដែល​ខ្លួន​រស់នៅ​៕