អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ពិធី​អកអំបុក នៅ​ទី​លានជល់ដំរី ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន

​បើតាម​ប្រសាសន៍​របស់លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា នឹង​សហការ​ជាមួយ​លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ គ្រោង​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​និង​ពិធី​អកអំបុក នៅ​ទី​លានជល់ដំរី ខេត្តសៀមរាប ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប នៅ​ខែវិច្ឆិកា​ខាងមុខនេះ ដែល​ពិធី​នេះ នឹងមាន​ព្រះសង្ឃ​មកពី​បណ្តា​ប្រទេស​ចំនួន​៥៩​និមន្ត​ចូលរួម ព្រមទាំង​បើកទូលាយ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ដោយ​សេរី​ផងដែរ ។​

 

​លោក ឡុង កុសល មានប្រសាសន៍​បន្ថែមថា ក្នុង​ពិធី​នេះ នឹងមាន​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ​តាមបែប​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ខ្មែរ មាន​រៀបចំ​វាលស្រែ , មាន​ស្រូវ​ជា​និមិត្តរូប , រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប រួម​ជាមួយនឹង​ការបង្ហាញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ជូន​ដល់​អ្នកទេសចរ​អន្តរ​ជាតិ​បានឃើញ និង​ឈ្វេងយល់​ពី​វប្បធម៌​ខ្មែរ​ផងដែរ ។​

 

​លោក ឡុង កុសល បានបញ្ជាក់​ទៀតថា ការរៀបចំ​ពិធី​បែបនេះ​នៅក្នុង​តំបន់​អង្គរ គឺមាន​សារៈសំខាន់​ណាស់ គឺ​ទី​១. បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​របស់​យើង និង ទី​២. បង្ហាញ​ពី​ទំនៀប​ទម្លាប់​ខ្មែរ​យើង ដែល​តែងតែ​ប្រកាន់​ភ្ជាប់​ជា​រៀង​រហូតមក ជាពិសេស​នេះ​ជា​លើកទីមួយ​នៅ​តំបន់​អង្គរ ដែល​បាន​រៀប​ព្រឹត្តិការណ៍​នេះ ដែលជា​ចំណែក​មួយ​ក្នុង​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ព្រោះថា អ្នក​ទេស​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​នៅក្នុង​ឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប គឺ​ពួកគេ​អាច​ទស្សនាការ​ប្រណាំងទូក​នៅតាម​ដងស្ទឹង​នៅក្នុង​ក្រុង​សៀមរាប​បាន ហើយ​អាចមក​ទស្សនា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដោយបាន​ទស្សនា​ប្រាសាទបុរាណ​ដ៏​អស្ចារ្យ​ផង និង​បាន​ទស្សនាការ​បង្ហាញ​ពី​ទំនៀប​ទម្លាប់ ជំនឿ​សាសនា​ខ្មែរ​យើង​ផង​។​

 

​លោក ឡុង កុសល បានបញ្ជាក់​បន្ថែមទៀត​ថា អាជ្ញាធរ​ជាតិ​អប្សរា​មានការ​គាំទ្រ​ចំពោះ​វិស័យ​ឯកជន​ក្នុង​ចូលរួម​រៀបចំ​ព្រឹត្តិការ​បែបនេះ ដើម្បី​លើកតម្កើង​វប្បធម៌​ខ្មែរ​យើង​ឱ្យ​កាន់​បន្ត​រុងរឿង​បន្តទៅទៀត ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​ភ្ញៀវទេសចរ​បរទេស សូម​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ច្រើន ដើម្បី​បាន​ឈ្វេងយល់​កាន់​ច្បាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​៕​