អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

​ដើម្បី​លើក​តម្លៃ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ក្នុង​ការចុះ​កាត់​ក្រី និង​ដកហូត​ដើមឈើ​មួយចំនួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​និង​ត្រៀម​ដាំ​ដើមឈើ​ធ្នង់​ជំនួស​វិញ​។​

​លោក មាឃ បូរ៉ា មន្ត្រី​នាយកដ្ឋាន​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមការងារ​បាន​កាត់​ក្រី​មែកឈើ​តូចធំ និង​កាត់​ដកហូត​ប្រភេទ​ដើមឈើ​ឥតប្រយោជន៍​មួយចំនួន​រួមមាន ដើម​ពុទ្រា ដើម​ទឹកដោះ ដើម​ចេក និង​ដើម​ស្វាយ​ជាដើម​។​ល​។​

​លោក មាឃ បូរ៉ា បាន​សំណូមពរ​ដល់​សាធារណជន ទាំងអស់​ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន និង​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា ដោយ​ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ជាពិសេស​ត្រូវ​ចូលរួម​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​ទាំងអស់គ្នា​។​

​ជាការ​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​លើក​តម្លៃ​បរិស្ថាន​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​បាន​កាន់តែ​ប្រសើរ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត ដាំ​កូនឈើ និង​កែលម្អ​បរិស្ថាន​ជុំវិញ​ប្រាសាទ​ឱ្យមាន​ភាព​បៃតង មាន​អនាម័យ ស័ក្ដិសម​ជាទី​ទស្សនា​របស់​ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​។ ក្នុង​ស្មារតី​នេះ អាជ្ញាធរ​ជាតិ​អប្សរា​មាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​ធ្វើយ៉ាងណា ឱ្យ​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ ក្លាយជា​គោលដៅ​ទេសចរណ៍​ដែល​គិតគូរ​ពី​បរិស្ថាន​ខ្ពស់​៕​