អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​វត្ថុ​បុរាណ​៥​ប្រភេទ ពី​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​

កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​វត្ថុ​បុរាណ​ចំនួន​៥​ប្រភេទ ពី​លោក​វីរ​សេនីយ៍​ត្រី ជុំ សុវណ្ណ នាយផ្នែក​នីតិវិធី នៃ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ដែល​វត្ថុ​បុរាណ​ទាំង​៥​នេះ ត្រូវបាន​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នាយកដ្ឋាន ដើម្បី​ចុះបញ្ជី​ទៅតាម​បច្ចេកទេស និង​រៀបចំ​សំណើរ​សម្រាប់​យកទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នរោត្តម សីហនុ​អង្គរ ។

​វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ​នេះ រួមមាន ៖ ១. បំណែក​ដងខ្លួន​ព្រះ​ពុទ្ធរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៦២ សង់ទីម៉ែត្រ , ទទឹង ៣៨ សង់ទីម៉ែត្រ និង​កម្រាស់​១៨ សង់ទីម៉ែត្រ , ២. បំណែក​កញ្ចាំង​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៤៣​សង់ទីម៉ែត្រ , ទទឹង​៣៤ សង់ទីម៉ែត្រ និង​កម្រាស់ ៣០ សង់ទីម៉ែត្រ , ៣. បំណែក​ភ្នែន​ទេវរូប ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​១១​សង់ទីម៉ែត្រ , ទទឹង​១១​សង់ទីម៉ែត្រ និង​កម្រាស់​៩ សង់ទីម៉ែត្រ , ៤. កុលាលភាជន៍​(​ថូ​) ធ្វើ​ពី​ដី​ដុត កម្ពស់​២៥ សង់ទីម៉ែត្រ និង​ទទឹង​២០ សង់ទីម៉ែត្រ និង ៥. កុលាលភាជន៍​(​ខួច​) ធ្វើ​ពី​ដី​ដុត កម្ពស់​៧,៥ សង់ទីម៉ែត្រ និង​ទទឹង​៨ សង់ទីម៉ែត្រ ។

​នៅក្នុង​ពី​ធី​នោះ លោក ឈូក សុ​ម៉ា​ឡា បាន​លើកឡើងថា វត្ថុ​បុរាណ​ទាំង​៥​ប្រភេទ គឺ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ទទួលបាន​តាមរយៈ​ប្រជាជន​ដែល​ប្រទះឃើញ​ដោយ​ចៃដន្យ​ក្នុង​តំបន់​ខ្លួន​រស់នៅ ហើយ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​សមត្ថកិច្ច​ដើម្បី​យកមក​រក្សាទុក ហើយ​បន្ទាប់ពី​ទទួលបាន អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ បាន​ប្រគល់ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង និង​ថែរក្សា ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសម្អាត ដើម្បី​តម្កល់ទុក​នៅ​សារមន្ទីរ ។

​លោក ឈូក សុ​ម៉ា​ឡា បាន​ឲ្យ​ដឹង​បន្ថែមថា រមណីយដ្ឋាន​អង្គរ សម្បូរ​បុរាណ​ដ្ឋា​ន មាន​សំណល់​បុរាណវិទ្យា​ទាំង​លើដី និង​ក្រោម​ដី ដូច្នេះ តាងនាម​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​ចូលរួម​ថែរក្សា ហើយ​ជៀសវាង​ការជីក​កកាយ ឬ​ឈួ​ស​ឆាយ​ទីតាំង​បុរាណ​ដ្ឋា​ន និង រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងរ​កណី​បាន​ជួបប្រទះ​នូវ​បុរាណវត្ថុ​ទាំងនោះ ។

​លោក ឈូក សុ​ម៉ា​ឡា បាន​ឲ្យ​ដឹង​បន្ថែមទៀតថា អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​យកចិត្តទុកដាក់​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដែលជា​របស់​យើងទាំងអស់គ្នា ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ថែរក្សា​តាមរយៈ​ការប្រគល់​ឬ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច ដែល​សកម្មភាព​នេះ សរ​បញ្ជាក់​ឱ្យឃើញ​ពី​ការយល់ដឹង​ពី​តម្លៃ​នៃ​មរតក​ដូនតា និង​ចង់​ថែរក្សា​ឱ្យ​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕​