ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា នឹង​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេងៗ​នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត​


​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​អប្សរា ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន​បាន​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​នៅលើ​វាលស្មៅ​ជុំវិញ​ក​សិន្ទ​ប្រាសាទអង្គរវត្ត ដើម្បី​ពិសា​អាហារ និង​លំហែកាយ ដែល​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ នៃ​រមណីយដ្ឋាន​អង្គរ​ផងដែរ ។

​សេចក្ដីជូនដំណឹង​បានបញ្ជាក់​បន្ថែមថា កន្លងមក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ប៉ុន្តែ នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងនេះ​ទេ ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង ហើយ​ក្នុងន័យនេះ ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​កិត្តិយស​ជាតិ​
​អាជ្ញាធរ​ជាតិ​អប្សរា សូមឱ្យ​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដោយ​ទុក រយៈពេល ៤៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

​សេចក្ដីជូនដំណឹង​បានបញ្ជាក់​បន្ថែមទៀតថា ក្នុងករណី​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ នៅតែ​បន្តសកម្មភាព​ទាំងនេះ គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល រឹបអូស​សម្ភារ​ទាំងនោះ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ ។

​គួររំលឹកថា វាលស្មៅ​មុន​ប្រាសាទអង្គរវត្ត បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​សាធារណជន​មួយចំនួន ដែល​ចូលចិត្ត​អង្គុយ​ហូប​អាហារ​ជុំគ្នា​រាល់ពេល​ល្ងាច​ឡើង ខណៈដែល​ការពេញនិយម​នេះ ធ្វើឱ្យ​ក្រុមអាជីវករ​បាន​ប្រជែង​គ្នា​ដាក់​កន្ទេល និង​អង្រឹង ស្របទៅតាម​តម្រូវការ​របស់​ភ្ញៀវ ៕​