អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​


​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច តាមរយៈ​វិស័យ​ទេសចរណ៍ ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​ទីផ្សារ​ទេសចរណ៍​ពិភពលោក ព្រមទាំង​រក្សា និង​ការពារ​បាន​គុណ​តម្លៃ​នៃ​បុរាណ​ដ្ឋា​ន​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​នេះ វិស័យ​ឯកជន​បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ ដែល​ខ្លួន​បាន​ជួបប្រទះ​ក្នុង​អាជីវកម្ម មានដូចជា ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ , ការចាក់​ចម្រៀង​ដោយ​សំឡេង​ខ្លាំងៗ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ , ការរៀបចំ​ផ្លូវថ្នល់ , ការប្រមូលផ្តុំ​ភ្ញៀវទេសចរ​នៅតាម​ប្រាសាទធំ​សំខាន់ៗ , ការ​បង្វែរ​គោលដៅ​ទស្សនា​ឱ្យ​ភ្ញៀវទេសចរ​បាន​ទៅដល់​ប្រាសាទ ឬ​កន្លែង​ផ្សេងៗ​ទៀត , ការបង្កើន​សក្តានុពល​ទាក់ទាញ តាមរយៈ​ការបង្កើត​កញ្ចប់​ទេសច​រ​បែប​សុខភាព និង​រៀប​អាពាហ៍ពិពាហ៍ , ការត្រួតពិនិត្យ​ប្រភេទ​កា​ម៉េ​រ៉ា​ថត​សម្រាប់​អាជីវកម្ម​។ ល​។ ដែល​ចំណុច​ទាំងនេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ទេសចរ និង​សូម​ឱ្យមាន​ការជួយ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

​ជាការ​ឆ្លើយតប លោកជំទាវ ភឿង ស​កុ​ណា បានធ្វើការ​ឆ្លើយបំភ្លឺ​ភ្លាមៗ ចំពោះ​កិច្ច​ការដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោះស្រាយបាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា ការរៀបចំ​ជួសជុល​ឱ្យ​រួចរាល់​នៅ​កំឡុង​ឆ្នាំក្រោយ , ចំពោះ​ផ្លូវ​ទាំងអស់​ស្ថិតក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា , ការរៀបចំ​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​នឹង​លេចចេញ​រូបរាង​នា​ឆ្នាំក្រោយ ព្រមទាំង​កំណត់​ភារកិច្ច​ដល់​អ្នកជំនាញ ឱ្យ​រៀបចំ​ផែនការ​សកម្មភាព​ដោះស្រាយ​កង្វល់ ពាក់ព័ន្ធ​នឹង​ការ​ចោល​សំរាម , ការ​បង្វែរ​គោលដៅ​ទេសចរ , បញ្ជៀ​ស​ការប្រមូលផ្តុំ​នៅតែ​ប្រាសាទធំ​សំខាន់ៗ ព្រមទាំង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ប្រសិទ្ធិភាព​ការងារ ក្នុងនោះ​ដើម្បី​ប្រសិទ្ធភាព​ការងារ លោកជំទាវ ក៏បាន​ស្នើឱ្យ​វិស័យ​ឯកជន​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​តេ​ឡេ​ក្រាម​ផងដែរ ។

​ដោយឡែក ចំពោះ​បញ្ហា​មួយចំនួនទៀត ដែល​មិនអាច​ដោះស្រាយបាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ​បាន​សន្យាថា នឹង​នាំយក​ការព្រួយបារម្ភ​របស់​វិស័យ​ឯកជន ជូនទៅ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ ព្រមទាំង​នឹង​រៀបចំ​អញ្ជើញ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ទាំងនោះ មក​ចូលរួម​ប្រជុំ​លើក​ក្រោយៗ​ទៀត ហើយ​លោកជំទាវ បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ចូលរួម​ផ្តល់យោបល់ ដើម្បី​រួមចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់តែ​ប្រសើរឡើង ៕​