មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថា ជា​រៀងរាល់ឆ្នាំ កូនឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​

លោក ស៊ិន ពិសី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា រយៈកាល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ដែលមាន​ស្រាប់ និង​ដាំ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែលជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ​ត្រូវបាន​ទន្ទ្រាន​ពី​ប្រជាជន ភ្លើង​ឆេះ​ព្រៃ និង​ក្រោយពី​កាត់​ក្រី​ដកហូត​ដើមឈើ​ងាប់​ដែល​អាច​បង្ករ​ហា​នី​ភ័យ​ផ្សេងៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន ហើយ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​នេះ ត្រូវបាន​បែងចែក​ជា​បី​សំខាន់ៗ​គឺ ទី​១.​តំបន់​ឧទ្យាន​បន្ទាយស្រី , ទី​២. តំបន់​ឧទ្យាន​កណ្តាល និង ទី​៣.​តំបន់​ឧទ្យាន​រលួស ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​៤០១​គីឡូម៉ែត្រ​ក្រឡា និង​ចែកចេញជា​១៤​បុ​ស្តិ៍ មាន​បុគ្គលិក​ចំនួន​៨៤​នាក់ ចុះ​យាមល្បាត​ជាប្រចាំ និង ថែទាំ ព្រមទាំង​ព្យា​ល​បាល​ដើមឈើ​ពេល​មាន​ជំងឺ លើកលែងតែ​តំបន់​ប្រាសាទបេង​មាលា ស្ថិត​នៅក្រៅ​តំបន់​ឧទ្យាន​អង្គរ ។​

លោក ស៊ិន ពិសី បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ តែងតែមាន​កម្មវិធី​ដាំ​កូនឈើ​ជា​រៀងរាល់ឆ្នាំ ហើយ​មួយ​លើកៗ​ជាច្រើន​រយ​ដើម ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័នរដ្ឋ ស្ថាប័ន​អន្តរជាតិ វិស័យ​ឯកជន សហគមន៍ ព្រះសង្ឃ និង​សិស្សសាលា​ជាដើម បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ សរុប​ប្រមាណ​៣​ម៉ឺន​ដើម​ក្នុង​មួយឆ្នាំៗ​នៅ​ឧទ្យាន​អង្គរ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែក​កូនឈើ​ដល់​ស្ថាប័ន​ផ្សេងៗ ព្រះសង្ឃ និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត ភូមិ ឃុំ មូលដ្ឋាន​របស់ខ្លួន​ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឱ្យមាន​បរិយាកាស​ស្រស់ថ្លា ពិសេស​គឺ​ទាក់ទាញ​ទេសចរ ។​

លោក ស៊ិន ពិសី បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន និង​សោភ័ណភាព​សម្រាប់​មនុស្ស​ជាតិ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន កុំឱ្យ​ពួកគាត់​កាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើនជាង​បំផ្លាញ និង​ពេល​ដុត​ចម្ការ​ត្រូវ​គ្រប់គ្រង​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​មាន​គ្រោះថ្នាក់ និង​មាន​ហា​នី​ភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕