អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ប្រតិភូ​សមាជិក​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម ដឹកនាំ​ដោល​លោក NGUYEN GIANG HAI បាន​ចូលរួម​ធ្វើ​បាឋកថា​ស្ដីពី «​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​» ព្រមទាំង​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​បុរាណវិទ្យា​ដល់​មន្ត្រី បុគ្គលិក និង​សាធារណជន ដែល​សរុប​ប្រមាណ​៥០​នាក់ នៅ​អាជ្ញាធរ​ជាតិ​អប្សរា ។​

​ក្នុង​បាឋកថា​នោះ លោក NGUYEN GIANG HAI បាន​បែង​ចែកជា​៧​ផ្នែក​ផ្សេងៗ​គ្នា នៃ​ការស្រាវជ្រាវ​ថ្មីៗ​របស់​វៀតណាម ចាប់ពី​សម័យ​បុរេប្រវត្តិ , ការរកឃើញ​នូវ​ស្ថានីយ៍​បុរេប្រវត្តិ​ដែល​ចំណាស់​ជាងគេ​នៅ​តំបន់​អាស៊ី ដែលមាន​អាយុ​រហូតដល់​ជិត​១​លាន​ឆ្នាំ​នៅ​តំបន់ AnKe ជិត​ខេត្តរតនគិរី ដែលជា​ស្ថានីយ៍​យុគ​ថ្ម​ចាស់​ដំបូង​គេ , បង្ហាញ​ពី​ការរកឃើញ​ឧបករណ៍​តន្ដ្រី​ដែល​ធ្វើ​ពី​ថ្ម និង​ស្រាវជ្រាវ​បុរាណវិទ្យា​ក្រោម​ទឹក ក៏ដូចជា​ការស្រាវជ្រាវ DNA ជាដើម​។​

​លោក NGUYEN GIANG HAI បានបញ្ជាក់​បន្ថែមថា ការស្រាវជ្រាវ​ទាំងនោះ​មាន​ទាំង​គម្រោង​របស់​ជាតិ និង​គម្រោង​សហប្រតិបត្តិការ​ជាមួយ​អន្ដរជាតិ ដែល​ផ្នែក​បុរេប្រវត្តិ​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី ផ្នែក​ខ្លះ​ជាមួយ​ចិន និង​ផ្នែក​ប្រវត្តិសាស្ដ្រ​សហការ​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មាន កម្ពុជា ឡាវ និង​ថៃ ខណៈ​កិច្ចសហការ​ជាមួយ​កម្ពុជា ចាប់ផ្តើម​ពី​ឆ្នាំ​២០០៧​មក គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក លើ​វិស័យ​បុរាណវិទ្យា ។​

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ដែលជា​ស្ថាប័ន​ធ្វើការ​ជាមួយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម បានឱ្យដឹងថា ភាគី​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា​ច្រើន​ឆ្នាំ​មកហើយ និង​បាន​ចែករំលែក​ការងារ​ជាច្រើន​ជាមួយគ្នា ខណៈពេល​នេះ គណៈប្រតិភូ​វៀតណាម បាន​ចុះមក​ស្វែងយល់​ពី​កិច្ចការ​មួយចំនួន ដើម្បី​បន្ត​កិច្ចសហការ​ជាមួយគ្នា​នាពេល​អនាគត ៕​