មេដឹកនាំ​កាយ​រឹ​ទ្ឋិ​អាស៊ាន បើក​កិច្ចប្រជុំ​រួមគ្នា​លើក​ទី​១១ នៅ​ខេត្តសៀមរាប​

កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ គណៈ​ស្នងការ​ជាតិ​នៃ​កាយ​រឹ​ទ្ឋិ​ជាតិ​កម្ពុជា បានរៀបចំ​ជំនួប​ប្រជុំ​ប្រចាំឆ្នាំ​របស់​ថ្នាក់ដឹកនាំ​កាយ​រឹ​ទ្ឋិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​សណ្ឋាគារ​សុខា​ល័យ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ប្រតិភូ​ជា​ប្រធាន​គណៈ​ស្នងការ​ជាតិ ស្នងការ​ជាតិ​កិច្ចការ​អន្តរជាតិ និង​ស្នង​ការជំនាញ​ផ្សេងៗ​ទៀត​ព្រមទាំង​មានការ​ចូលរួម​ជា​អ្នកសង្កេតការណ៍​សរុប​ចំនួន​២៥​រូប មកពី​ប្រទេស​កម្ពុជា , ប្រុយ​ណេ , ម៉ាឡេស៊ី , ឥណ្ឌូណេស៊ី , ហ្វីលីពីន , ថៃ , សឹង្ហ​បុរី និង​ប្រទេស​វៀតណាម ក្នុងនោះ​ក៏មាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា នៃ​កាយ​រឹ​ទ្ឋិ​ជាតិ​កម្ពុជា ជាច្រើន​រូ​ម​ផងដែរ​។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​កាយ​រឹ​ទ្ឋិ​ជាតិ​កម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំ​មេដឹកនាំ​កាយ​រឹ​ទ្ឋិ​អាស៊ាន​លើក​ទី​១១​នេះ គឺជា​កិច្ច​ជំនួប​ប្រចាំឆ្នាំ​របស់​ថ្នាក់ដឹកនាំ​កាយ​រឹ​ទ្ឋិ​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែលមាន​អង្គការ​ជាតិ​នៃ​ចលនា​កាយ​រឹ​ទ្ឋិ ទទួលស្គាល់ និង​ជា​សមាជិក​ពេញ​សិទ្ឋិ​របស់ អង្គការ​ពិភពលោក នៃ​ចលនា​កាយ​រឹ​ទ្ឋិ និង​ជា​ក្រុម​ប្រទេស​នៃ​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន រួមមាន ៖


១. ពិនិត្យ​និង​អនុម័ត​លើ​កំណត់ហេតុ​អង្គប្រជុំ​មេដឹកនាំ​កាយ​រឹ​ទ្ឋិ​អាស៊ាន​លើក​ទី​១០ និង​សន្និសីទ​កាយ​រឹ​ទ្ឋិ​អាស៊ាន​លើក​ទី​៥ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ម៉ា​និល​ឡា ប្រទេស​ហ្វីលីពីន​។​
២. អនុម័ត​លើ​សំណើ​បង្កើត​លេខ​គណនី​ធនាគារ​របស់ ASARC (​សមាគម​កាយ​រឹ​ទ្ឋិ​អាស៊ាន​សម្រាប់​សហការ​ក្នុង​តំបន់​)​នៅក្នុង​ធនាគារ​ណាមួយ​របស់​ប្រទេស​សឹង្ហ​បុរី​ដើម្បី​រក្សាទុក​មូលនិធិ​កាយ​រឹ​ទ្ឋិ​អាស៊ាន​។​
៣. ពិភាក្សា​និង​អនុម័ត​លើ​រូបភាព​ពានរង្វាន់​មេដឹកនាំ​កាយ​រឹ​ទ្ឋិ​អាស៊ាន ដែលមាន​ឈ្មោះថា ពានរង្វាន់​មេដឹកនាំ​កាយ​រឹ​ទ្ឋិ ដើម្បី​ផ្តល់ជូន និង​លើកទឹកចិត្ត​មេដឹកនាំ​កាយ​រឹ​ទ្ឋិ​អាស៊ាន ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ច​កាយ​រឹ​ទ្ឋិ​ក្នុង​តំបន់​អាស៊ាន​។​
៤. ពិភាក្សា​លម្អិត​លើ​សេចក្តីព្រាង​លក្ខ​ខ័​ណ្ឌ​តម្រូវ​គុណវុឌ្ឍិ និង​លក្ខណៈសម្បត្តិ ដែលជា​តម្រូវការ​រប​ស់​គណៈកម្មការ​ផ្តល់រ​ង្វាន់ ។​
៥. បន្ត​កិច្ចពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ក្នុងការ​បង្កើត​ចលនា​កាយ​រឹ​ទ្ឋិ​ឡាវ ដោយមាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ និង​បន្ត​ពិភាក្សា​លើ​កិច្ច​ត្រៀម​រៀបចំ​កម្មវិធី​បោះជំរុំ​កាយ​រឹ​ទ្ឋិ​អាកាស​លើក​ទី​១ នៅ​ប្រទេស​សឹង្ហ​បុរី នា​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។

​គួររំលឹកថា សមាគម​កាយ​រឹ​ទ្ឋិ​អាស៊ាន សម្រាប់​សហការ​ក្នុង​តំបន់​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ASEAN Scout Asosociation for Regional Cooperation ហៅ​កាត់​ថា ASARC ត្រូវបាន​បង្កើតឡើង​ក្នុង​សន្និសីទ​កាយ​រឹ​ទ្ឋិ​អាស៊ាន​លើក​ទី​១​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រ​ទេ​ម៉ាឡេស៊ី និង​បង្កើតឡើង​ដោយ​អង្គការ​ជាតិ​នៃ​ចលនា​កាយ​រិ​ទ្ឋិ​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន ក្នុង​គោលបំណង​លើកទឹកចិត្ត និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ ការឯកភាព មិត្តភាព​បងប្អូន និង​សាមគ្គីភាព​ក្នុង​តំបន់​អាស៊ាន ដោយ​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិត​ស្និ​ទ្ឋ ដើម្បី​បង្កើត​ឱ្យបាន​នូវ​កម្មវិធី​ផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ ដល់​យុវជន រួមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដោយ​អនុលោម​ទៅតាម​គោលការណ៍​កាយ​រឹ​ទ្ឋិ​កម្ម និង​ធម្មនុញ្ញ​អាស៊ាន ជួយ​អភិ​ក្ស និង​លើកកម្ពស់​ចលនា​កាយ​រឹ​ទ្ឋិ​ក្នុង​តំបន់ ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​នៅក្នុង​ចលនា​កាយ​រឹ​ទ្ឋិ ៕