អភិបាលខេត្ត​សៀមរាប ប្រកាស​គាំទ្រ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប ខណៈ​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការស្វាគមន៍ និង គាំទ្រ​ចំពោះ​ដំណើរការ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង ចំពោះ​វត្តមាន​របស់​ប្រតិភូ​ជាតិ និង អន្តរជាតិ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប​នាពេលនេះ ព្រោះថា នេះ​ជា​កិច្ចប្រជុំ​មួយ​មាន​សារៈ​សំខាន់បំផុត ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាប​ន្ទា​ន់ ដើម្បី​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​នៅ​អាស៊ាន ជាពិសេស​កាកសំណល់​ផ្លា​ស្ទិ​ក ខណៈ​អាជ្ញាធរ​ខេត្តសៀមរាប បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង ដោយ​លើក​ជា​គម្រោង​ផែនការ​ជា​អាទិភាព ក្នុងការ​លើកកម្ពស់ និង កែលម្អ​បញ្ហា​អនាម័យ និង បរិស្ថាន​ក្នុង​ទូទាំង​ខេត្ត ជាពិសេស​នៅក្នុង​ក្រុង​សៀមរាប ។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា បញ្ហា​កាកសំណល់​ផ្លា​ស្ទិ​ក​នេះ ជាការ​គំរាម​គំហែង​លើ​ប្រព័ន្ធ​អេកូឡូស៊ី , សុខភាព , សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​ភាព​ទាក់ទាញ​ទេសចរណ៍​របស់​ប្រទេស​នៅក្នុង​តំបន់​យើង ដូច្នេះ​ត្រូវ​រៀបចំ​ឱ្យមាន​ការចែករំលែក​ព័ត៌មាន​,​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស ដែលជា​ប្រភពដើម​នៃ​កាកសំណល់ ដើម្បី​បញ្ឈប់​លំហូរ​ខុសច្បាប់​នេះ​ចេញពី​ប្រទេស​ដើម ជាពិសេស សូមឱ្យ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​គីមី និង​សំណល់ ផ្តល់​អាទិភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ និង​ផ្តល់នូវ​វិធានការ​ជាក់លាក់​មួយចំនួន​ក្នុង​រយៈពេល​ខ្លី​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​រួម​នេះ ប្រកបដោយ​ស្មារតី​សហការ និង​សហប្រតិបត្តិការ​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​មានប្រសាសន៍ថា ក្រៅពី​បញ្ហា​ខាងលើ​កិច្ចប្រជុំ​នេះ នឹង​បន្ត​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​លើ​បញ្ហា​បរិស្ថាន​មួយចំនួន ជាពិសេស​វិធានការ​ទាក់ទង នឹង​និរន្តរភាព​បរិស្ថាន​ក្រោម​សហគមន៍​ផែនការ​វប្បធម៌​អាស៊ាន ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលបំណង​នៃ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​សារៈសំខាន់​នៃ​សេវាកម្ម​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​និង​គុណ​តម្លៃ​របស់​វា ការលើកកម្ពស់​ការចូល​រួម​ជា​សាធារណៈ ការវិនិយោគ​សាធារណៈ និង​ឯកជន ក្នុងការ​គ្រប់គ្រង​និង​ស្តារ​ជីវៈចម្រុះ ដើម្បី​ធានាថា​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ត្រូវបាន​គាំទ្រ​ដោយ​សកម្មភាព​មូលដ្ឋាន​និង​ដោយ​យុវជន និង​ប្រជាជន​។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​១៥​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នេះ មាន​ឯកសារ​សំខាន់​ចំនួន ៣ នឹងត្រូវ​យកមក​ពិនិត្យ និង​អនុម័ត រួមមាន ៖ ១. សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25-UNFCCC) , ២. សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​ស្តីពី​បរិស្ថាន និង ៣. សំណើសុំ​ដាក់បញ្ចូល​ឧទ្យាន​ជាតិ​របស់​ប្រទេស​ថៃ វៀតណាម មី​យ៉ាន់​ម៉ា សរុប​ចំនួន ៥ ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​។

​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​នេះដែរ កម្ពុជា​នឹង​ទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​១ សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ តាមរយៈ​មូលនិធិ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា ជា​ប្រធាន​កិច្ចប្រជុំ និង​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​។

​ដោយឡែក​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៣ នៃ​កិច្ចប្រជុំ​លើក​ទី​១៥ នឹងមាន​កិច្ចប្រជុំ​លើក​ទី​១៥​នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ហើយ​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦ នៃ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក ៣ (​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​) ដែល​ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា ព្រមទាំង​មាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​-​ជប៉ុន ដើម្បី​ពិនិត្យ​លើ វឌ្ឍនភាព​ការ ងារ សហប្រតិបត្តិការ​បច្ចុប្បន្ន និង​គំនិត​ផ្តួច ផ្តើម​សំណើ​ថ្មីៗ រួមមាន​ដូច ជា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​បច្ចេក ទេស​បរិស្ថាន ការផ្ទេរ​បច្ចេកវិទ្យា និង​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​៕