សន្និសីទសារព័ត៌មានអាស៊ីនៅកម្ពុជាចាប់ផ្តើមហើយ ខណៈពិធីបើកកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ខាងមុននេះ

ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជា​របៀបវារៈ​មួយ ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ក្រុង​សៀមរាប ដែល​ពិនិត្យ និង ពិភាក្សា​នៅមុន​កិច្ចប្រជុំ​កំពូល ដោយ​ផ្តោតលើ​របៀប​ដឹកនាំ​ក្នុង​យុគ្គសម័យ​សារព័ត៌មាន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​» និង មាន​សិក្ខាសាលា​ចំនួន​៤​ទៀត ដែល​ធ្វើឡើង ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​ចូលមក​ដល់ ។

​ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ មានប្រសាសន៍​នៅមុន​កិច្ចប្រជុំ​នេះ​ថា សន្និសីទ​អន្តរជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ បានរួម​ចំណែក​ឲ្យ​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​សារព័ត៌មាន​នៅក្នុង​ប្រទេស ព្រមទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​សន្ដិសុខ​សង្គម ឲ្យ​ពិភពលោក​ថែម​មួយកម្រិត​ទៀត​។

​ឯកឧត្តម ហាស់ សំអាត បានបញ្ជាក់​ទៀតថា ជា​មោទនភាព​បង្ហាញថា កម្ពុ​ជាមាន​សមត្ថភាព​រៀបចំ​កិច្ចប្រជុំ​នេះ និង​ផ្តល់​ប្រយោជន៍​ច្រើន តាមរយៈ​អ្នកសារព័ត៌មាន​ធំៗ​អន្តរជាតិ ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរីកចំរើន វិស័យ​ទេសចរណ៍វប្បធម៌ និង​បាន​ឲ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ​បាន​ស្វែងយល់​ពី​ការលំបាក​ដែល​បន្សល់​ពី​គ្រប់​មីន បន្ទាប់ពី​យើង​អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​មើល​សារៈមន្ទីរ​សន្តិភាព​សម្ម​ភាព​មីន​របស់​ស៊ីម៉ាក់ និង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​»​។

​សូមបញ្ជាក់ថា​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ផ្តោតលើ​បញ្ហាសំខាន់ៗ ដូចជា​៖ ផលប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជាដើម ។

​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែមិថុនា ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភពលោក ៕​