សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ខេត្តសៀមរាប ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព​ប្រសិទ្ធភាព​ក្នុង​វិស័យ​ព័ត៌មាន​

ឯកឧត្តម មាស សុភ​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មានប្រសាសន៍ថា ក្រោយពី​ដំណើរការ​អស់​រយៈពេល​៤​ថ្ងៃ នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ អង្គ​ស​ន្នី​សី​ទបាន​បិទ​បញ្ចប់​ការងារ​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​មានការ​ផ្តល់រ​ង្វាន់​ជ័យលាភី ដល់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែលមាន​ស្នាដៃ​លេចធ្លោ​លើ​វិស័យ​ព័ត៌មាន នៅពេល​បាន​លើក​មក​ក្នុង​បទ​បង្ហាញ​ជា​បន្តបន្ទាប់​។

​ឯកឧត្តម មាស សុភ​ណ្ឌ មានប្រសាសន៍​ទៀតថា អង្គ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​៦​ចំណុច ដោយ​រួមគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​យុគសម័យ​ឌីជីថល សំដៅ​បង្កើន​គុណភាព ប្រសិទ្ធភាព ក្នុង​វិស័យ​ព័ត៌មាន ពិសេស​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​ស្តាប់ អ្នកមើល និង​អ្នកអាន រួមមាន​៖ ១. នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៩ រដ្ឋមន្ត្រី​ព័ត៌មាន​មកពី​ប្រទេស​បង់​ក្លា​ដេ​ស កម្ពុជា មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន រួមទាំង​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង និង​ព័ត៌មាន​នៃ​ប្រទេស​កូរ៉េ និង​អនុរដ្ឋមន្ត្រី​ព័ត៌មាន​នៃ​ប្រទេស​សា​ម៉ា​វ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហាសំខាន់ៗ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ពិភាក្សា​ពី​មធ្យោបាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម​។​
២. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​បាន​ព្រមព្រៀងគ្នា​ដាក់​ឲ្យ​ដំណើរការ “​គំនិត​ផ្តួចផ្តើម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​អង្គរ​” (Angkor Fake News Initiative) ដែលជា​គម្រោង​ស្រាវជ្រាវ​រយៈពេល​មួយឆ្នាំ​លើ​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ហើយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​-​ប៉ាស៊ីហ្វិក (AIBD) និង​អង្គការ​យូណេស្កូ នឹង​សហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាជិក និង​ដៃគូ​របស់​វិទ្យាស្ថាន ABD ដទៃទៀត នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដែល​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​អនុសាសន៍​នានា នឹង​ជួយ​បង្កើត​យន្តការ​ច្បាប់​មួយ​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក និង​ប្រទេស​ដទៃទៀត ដើម្បី​ជា​វិធានការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​នៃ​ព័ត៌មាន​ក្លែងក្លាយ ដែល​ឥឡូវនេះ​កំពុង​រីក​រាលដាល​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។​

៣. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក៏បាន​សម្រេចចិត្ត​យក​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ដែលជា​ព្រឹត្តិការ​ប្រចាំឆ្នាំ ជា​វេទិកា​អចិន្ត្រៃយ៍​សម្រាប់​រដ្ឋមន្ត្រី និង​ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមមាន បញ្ហា​ប្រឈម និង​កាលានុវត្តភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​
៤. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​បាន​ព្រមព្រៀងគ្នា​រៀបចំ​កិច្ចប្រជុំ​ពិសេស នៃ​រដ្ឋមន្ត្រី​ថ្នាក់​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក និង មានការ​ចូលរួម​ពី​បណ្តា​ដៃគូ​សំខាន់ៗ​នៃ​វិទ្យាស្ថាន AIBD នៅ​ប្រទេស​សា​ម៉ា​វ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខនេះ ហើយ​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ក៏បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ថា​អាស៊ី​-​ប៉ាស៊ីហ្វិក ត្រូវការ​ផែនទី​បង្ហាញផ្លូវ (Road Map) ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ យើងទាំងអស់គ្នា​គួរ​រួបរួមគ្នា​ក្នុង​បុព្វ​ហេតុនេះ ដើម្បី​ការពារ និង​រក្សា​សង្គម​មួយ​ប្រកបដោយ​វិបុល​សុខ និង​បរិ​យាប​ន្ន ហើយ​វិទ្យាស្ថាន AIBD នឹង​បញ្ជូន​សំណើ​ទៅ​ប្រទេស​សា​ម៉ា​វ​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ធានា​ការសម្រេចបាន​នូវ​កិច្ចប្រជុំ​នេះ​។​
៥. ក្រៅពី​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ ក៏បាន​យល់ព្រម​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថា តើ​គួរ​ជួយ​សហគមន៍​ដែល​មិនទាន់​ទទួល​អត្ថប្រយោជន៍ ពី​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​ដោយ​របៀប​ណា ហើយ​ជាការ​ចាំបាច់​ក្នុង​ត្រួត​ពិនិត្យឡើងវិញ ពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងការ​គាំទ្រ និង​ផ្តល់នូវ​ជំនួយ​ដល់​ក្រុម​ដែល​ជួប​ការលំបាក​នៅក្នុង​សង្គម​។​
៦. រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​រីករាយ​ចំពោះ​កិច្ចសហការ និង​ការគាំទ្រ​របស់លោក​អ្នក ។​