​ប្រគល់​ផ្ទះ​១​ខ្នង ជូន​អតីតយុទ្ធជន​ពិការ​នៅ​ស្រុក​អង្គរធំ​

លំនៅដ្ឋាន​មួយ​ខ្នង ធ្វើ​អំពី​ថ្ម​សង់​ផ្ទាល់​ដី ប្រក​ស័ង្កសី ដែល​មាន​បណ្តោយ​៨​ម៉ែត្រ ទទឹង ៥​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ផ្តល់​តាមរយៈ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា ត្រូវបាន​ប្រគល់ជូន​លោក វួ​ច ជឿ​ត ជា​អតីត​យុទ្ធជន​ពិការ ដែល​មាន​ប្រពន្ធ​ឈ្មោះ ដុំ ផន មានកូន​មួយ​នាក់​ក្នុងបន្ទុក រស់នៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ កក្កដា ឆ្នាំ​២០១៨ រួមជាមួយ​នឹង​គ្រឿងឧបភោគ​បរិភោគ​មាន អង្ករ ៧៥​គីឡូក្រាម , ទឹកត្រី​២​យូរ , ទឹកស៊ីអ៊ីវ​២​យូរ ត្រីខ ២​យូរ , ទឹក​សុទ្ធ ៣​យូរ មុង​២ , កន្ទេល​៤ , គ្រែឈើ ១ និង ថវិកា ១០​ម៉ឺន​រៀល រួមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ចំនួន​១០៧​នាក់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​១​ម៉ឺន​រៀល ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត និង ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តសៀមរាប ដោយ​មាន​អាជ្ញាធរ ស្រុក និង ក្រុម​ការងារ​ជាច្រើន​រូប ។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ការ​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​បងប្អូន​គ្រួសារ​អតីតយុទ្ធជន​ពិការ និង ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ ភ្លង់​ទាំងមូល ជាពិសេស​សម្តេច​បាន​គិត​គូ​ខ្ពស់​ចំពោះ​គ្រួសារ​បងប្អូន​អតីតយុទ្ធជន​ពិការ អំពី​ជីវភាព សុខភាព​រស់នៅ ដោយ​មិន​ទុក ឲ្យ​អតីតយុទ្ធជ​នណា​ម្នាក់រ​ស់​នៅ​ឯកោរ​ឡើយ ព្រោះថា​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​បងប្អូន​អតីតយុទ្ធជន ក្នុង​បុព្វហេតុ​ការពារ កសាង​មាតុ ភូមិ​កម្ពុជា មិន​ឲ្យមាន​ការវិលត្រ​ឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជា​លើក​ទី​ពីរ​នៅ​កម្ពុជា​ឡើយ ព្រមទាំង បាន​ចូលរួម​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស ហើយ​ការបាត់បង់​នូវ​កាយសម្បទា​របស់​បងប្អូន គឺជា​គុណបំណាច់​មិន​អាច​កាត់ថ្លៃ​បានឡើយ ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុរ​កនូវ​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​ខ្លួន ។

​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍​ទៀត​ថា ដោយសារ​កត្តា​សន្តិភាព បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ តាំង​ពី​ទីប្រជុំជន ទៅ​ដល់​ជនបទ ជាពិសេស​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា និង ប្តូរ​យក​មក​វិញ​នូវ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​គ្រប់ម​ជ្ឈដ្ឋា​ន​មាន​ភាពប្រសើរឡើង ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​សំណូមពរ​ដល់​បងប្អូន​អតីតយុទ្ធជន និង ប្រជាជន​នៅ​ស្រុក​អង្គរធំ កុំឲ្យ​ស្តាប់​នូវ​ការ​ញុះញុង​របស់​ក្រុម​អគតិ​មួយចំនួន ដែល​មាន​បំណង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការ បោះឆ្នោត​គាំទ្រ​របស់​ប្រជាជន ព្រមទាំង​ការបំផ្លាញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ ហើយ​នាំគ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ពិសេស​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ឲ្យ​សម្តេច​តេជោ​ដឹកនាំ នាវា​សន្តិភាព និង ការអភិវឌ្ឍន៍​ជាតិ​បន្តទៀត ។

​សូមបញ្ជាក់​ថា នៅក្នុង​ស្រុក​អង្គរធំ មាន​អតីតយុទ្ធជន​សរុប​ចំនួន ២២៦​នាក់ , សុំ​ចូល​ជា​សមាជិក​បាន​ចំនួន ១៩៣​នាក់ , អត្រា​នៃ​មរណៈភាព​ចំនួន ៣​នាក់ ហើយ​អំពី​ស្ថានភាព​ផ្ទះសម្បែង គ្រួសារ​មាន​ដី​មាន​ផ្ទះ ១៧២​នាក់ , គ្មាន​ដី គ្មាន​ផ្ទះ​ចំនួន​១២​គ្រួសារ និង មាន​ដី​តែ​គ្មាន​ផ្ទះ​ចំនួន ០៩​គ្រួសារ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​